បណ្តាញសង្គម

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ព្រមានទីក្រុងសេអ៊ូល ពីការធ្វើសមយុទ្ធយោធាជាមួយទីក្រុងវ៉ាស៊ីនតោន

 លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ-ម្សិញថា ប្រសិនបើកូរ៉េខាងត្បូង អនុវត្តការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនោះ វានឹងបំផ្លាញដំណោះស្រាយរបស់កូរ៉េទាំងពីរ ក្នុងការកសាងទំនាក់ទំនងឡើងវិញ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍។

លោកស្រី Kim Yo Jong ក៏បាននិយាយផងដែរថា ការសម្រេចចិត្តថ្មីៗនេះ ដើម្បីស្តារខ្សែទូរស័ព្ទបន្ទាន់រវាងកូរ៉េទាំងពីរ មិនគួរត្រូវបានគេមើលឃើញជាអ្វី ក្រៅពីការភ្ជាប់ទំនាក់ទំនង “រាងកាយ” ឡើងវិញនោះទេ ហើយវានឹង “មិនសម” នឹងសន្មតថា កិច្ចប្រជុំកំពូល គឺអាចនឹងកើតមាននោះទេ។

ការអត្ថាធិប្បាយរបស់លោកស្រី បានកើតឡើង នៅពេលដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងពិភាក្សាគ្នា ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងឡើងវិញ។ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅចុងខែសីហាខាងមុខនេះ។

“រដ្ឋាភិបាល និងយោធារបស់យើង នឹងឃ្លាំមើលយ៉ាងដិតដល់ ថាតើខាងកូរ៉េខាងត្បូង បន្តធ្វើសមយុទ្ធសង្គ្រាមឈ្លានពាន ឬធ្វើការសម្រេចចិត្តដ៏ធំ។ ក្តីសង្ឃឹម ឬភាពអស់សង្ឃឹម? មិនសម្រេចលើពួកយើងទេ នេះបើតាមការដកស្រង់សំដីលោកស្រី Kim Yo Jong ។

ប្រទេសកូរ៉េទាំងពីរ នៅតែមានសង្គ្រាមបច្ចេកទេសនឹងគ្នា បន្ទាប់ពីជម្លោះឆ្នាំ ១៩៥០-៥៣ របស់ពួកគេ បានបញ្ចប់នៅក្នុងបទឈប់បាញ់មួយ ហើយកាលពីថ្ងៃអង្គារកន្លអ បានភ្ជាប់បណ្តាញខ្សែទូរស័ព្ទបន្ទាន់ឡើងវិញ ដែលកូរ៉េខាងជើង បានកាត់ផ្តាច់កាលពីខែមិថុនាឆ្នាំមុន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។