បណ្តាញសង្គម

ប្រេងធ្លាក់ចុះ ៤ % ដោយសារការព្រួយបារម្ភលើតម្រូវការ និងការបង្កើនការផ្គត់ផ្គង់របស់អង្គការ OPEC

តម្លៃប្រេង បានធ្លាក់ចុះប្រហែល ៤ % កាលពីថ្ងៃច័ន្ទ ដោយសារទិន្នន័យសេដ្ឋកិច្ចទន់ខ្សោយ ពីប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ប្រេងឈានមុខគេនៅលើពិភព លោក និងទិន្នផលប្រេងឆៅខ្ពស់ជាងមុនពីអ្នកផលិត OPEC បានបង្កឱ្យមានការភ័យខ្លាច ចំពោះភាពទន់ខ្សោយនៃតម្រូវការប្រេង និងការផ្គត់ផ្គង់លើសតម្រូវការ។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២,៦៥ ដុល្លារ ឬ ៣.៥% មកនៅត្រឹម ៧២.៧៦ ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោង ១១.៥២ នាទីព្រឹក ខណះប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានធ្លាក់ចុះ ២.៩១ ដុល្លារអាមេរិក ឬ ៣.៩% មកនៅត្រឹម ៧១.០៤ ដុល្លារអាមេរិក។

ការស្ទង់មតិ បានបង្ហាញកាលពីថ្ងៃច័ន្ទថា កំណើនសកម្មភាពរោងចក្ររបស់ចិន បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងខែកក្កដា ដោយសារតម្រូវការបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

លទ្ធផលខ្សោយនៅក្នុងការស្ទង់មតិឯកជន ដែលភាគច្រើនតែលើក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនផលិតខ្នាតតូច ដែលស៊ីគ្នាយ៉ាងខ្លាំងនឹងលទ្ធផលនៅក្នុងការស្ទង់មតិផ្លូវការមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ សកម្មភាពផលិតរបស់អាមេរិក ក៏បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះ។

យោងតាមទិន្នន័យពីវិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ (ISM) ល្បឿននៃការកើន បានធ្លាក់ចុះសម្រាប់ខែទី ២ ជាប់ៗគ្នា ដោយសារការចំណាយវិលត្រលប់ទៅរកសេវាកម្មពីទំនិញ និងកង្វះខាតវត្ថុធាតុដើម នៅតែបន្តកើតមាន។

ដោយថ្លឹងថ្លែងលើតម្លៃផងដែរ ការស្ទង់មតិរបស់រ៉យទ័រ បានរកឃើញថា ទិន្នផលប្រេងពីអង្គការប្រទេសនាំចេញប្រេង (OPEC) បានកើនឡើងនៅខែកក្កដា ដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមេសាឆ្នាំ ២០២០មក នេះបើតាមការផ្សាយរបស់ CNA/Reuter នៅព្រឹកថ្ងៃអង្គារនេះ។