បណ្តាញសង្គម

កំណត់ត្រាថ្មី! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «២០,៩២០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ១៦០នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៦៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៦០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៧,៩២៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៩៣,៣០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៦៦៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៧៣,៧៣២នាក់៕

ដកស្រង់ពី៖ Fresh News