បណ្តាញសង្គម

ទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ នៅអាហ្វហ្គានីស្ថាន ត្រូវបានក្រុមតាលីបង់ដណ្តើមកាន់កាប់ហើយ

 (កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានវាយដណ្ដើមយកតំបន់ទីក្រុងធំៗ នៃខេត្តចំនួន ០៣ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈពួកគេកំពុងបង្កើនការវាយលុក និងប្ដូរយកយុទ្ធសាស្ត្រមកវាយដណ្ដើមទីក្រុង បន្ទាប់ពីគ្រប់គ្រងបានតំបន់ជនបទមួយភាគធំ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។ បើតាមក្រុមមន្ត្រីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យម្សិលមិញ បានដណ្ដើមគ្រប់គ្រងទីក្រុង ឃុនដឹស (Kunduz) ដែលជាទីក្រុងដ៏សំខាន់បំផុតមួយ នៅភាគខាងជើងនៃប្រទេស រួមទាំងទីក្រុង សា អ៊ី ផាល់ (Sar-e-Pul) និងទីក្រុង តាឡូខាន់ (Taloqan)។

ពោលគឺចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក ទីក្រុងសំខាន់ៗចំនួន ០៥ហើយ បានធ្លាក់ក្នុងកណ្ដាប់ដៃក្រុមតាលីបង់។ ទីក្រុង Kunduz គឺជាទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលជាផ្លូវតភ្ជាប់ទៅក្នុងទីក្រុងជាច្រើន ក្នុងនោះរួមមានទាំងទីក្រុងកាប៊ុល។

បន្ថែមពីលើនេះ អ្នកនាំពាក្យក្រុមតាលីបង់ក៏បានអះអាងដែរថា គ្មានឡើយកិច្ចព្រមព្រៀងលើបទឈប់បាញ់ ជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ហើយពួកគេក៏បានព្រមានកុំឱ្យសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ជួយរដ្ឋាភិបាលទីក្រុងកាប៊ុលជាដាច់ខាត។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសថា កងទ័ពអាមេរិកនឹងត្រូវដកចេញពីអាហ្វហ្កានីស្ថាន នៅត្រឹមចុងខែសីហានេះ ធ្វើយ៉ាងណាឱ្យបានមុនថ្ងៃខួបវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

ព្រមពេលជាមួយគ្នា ក្រុមឧត្តមសេនីយ៍អាមេរិកបានព្រមានថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងត្រូវដួលរលំក្នុងរយៈពេល ០៦ខែ ក្រោយកងទ័ពអាមេរិក និង NATO ត្រូវបានដកចេញទាំងស្រុង៕

ដកស្រង់ពី៖ Fresh News