បណ្តាញសង្គម

លទ្ធផលសិក្សានៅអ៉ីស្រាអែល៖ «អ្នកចាក់វ៉ាក់សាំង Pfizer ដូសទី៣រួច នឹងកើតមានអការៈ ដូចកាលពីទើបចាក់ដូសទី២»

 (ហ្សេរុយសាឡឹម)៖ ការសិក្សាលើយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣ ដោយប្រើប្រាស់វ៉ាក់សាំងអាមេរិក Pfizer នៅអ៊ីស្រាអែលបានរកឃើញថា អ្នកចាក់វ៉ាក់សាំងដូសទី ៣ រួចរាល់ នឹងកើតមានអការៈដូចកាលពីពួកគេទើបចាក់ដូសទី ២ ហើយអ្នកខ្លះទៀតក៏អាចមាន ប្រតិកម្មស្រាលជាងនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងដូសទី ២ អស់រយៈពេល ១០ថ្ងៃមកហើយ ដោយការចាក់ដំណាក់កាលទី ១ ត្រូវបានអនុញ្ញាតចំពោះមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ស្ថិតក្នុងគោលដៅទប់ទល់ការឆ្លងរាតត្បាត ដ៏មានឥទ្ធិពលនៃវីរុស COVID-19 បំប្លែងថ្មី Delta។

អ៊ីស្រាអែលបានដើរមុនសហរដ្ឋអាមេរិកទៅទៀត នៅក្នុងការចាក់វ៉ាក់សាំងដូសទី ៣ នេះ ហើយក៏ជាការធ្វើតេស្តមួយ ដើម្បីឲ្យសហរដ្ឋអាមេរិកបានឃើញ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអ៊ីស្រាអែល មនុស្សសរុបជាង ២៤០,០០០នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដូសទី ៣ គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

ក្រោយការសិក្សា និងស្ទាបស្ទង់បានឲ្យដឹងថា ៨៨% នៃអ្នកដែលបានចាក់វ៉ាក់សាំងដូសទី ៣ នៅអ៊ីស្រាអែលបានកើតមានអការៈស្រដៀង ឬប្រសើរជាងបន្តិច បើធៀបនឹងកាលពីទើបចាក់ដូសទី ២។

គួរបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Pfizer សម្រាប់ដូសទី ២ រួចនោះ គឺតែងតែមានអការៈ គ្រុនក្តៅ អស់កម្លាំង និងឈឺក្បាលបន្តិចបន្តួច ហើយអការៈទាំងនេះនឹងបាត់ទៅវិញ នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News