បណ្តាញសង្គម

កូរ៉េខាងត្បូង បើកការបម្រុងវ៉ាក់សាំងការពារកូវីដ ១៩ សម្រាប់មនុស្សពេញវ័យទាំងអស់

 ប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមបើកការបម្រុងវ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ ឆ្នាំ ជាលើកដំបូងនៅថ្ងៃច័ន្ទនេះ ខណៈខ្លួន រារាំងការកើនឡើងនៃការផ្ទុះឡើងជាបន្តបន្ទាប់ ដែលភាគច្រើនក្នុងចំណោមប្រជាជនវ័យក្មេង ដែលមិនបានចាក់វ៉ាក់សាំង។

កូរ៉េខាងត្បូង ត្រូវបានគេកោតសរសើរចំពោះវិធានការចាត់ចែងមេរោគនេះ ក្នុងការចាប់ផ្តើមផ្ទុះជំងឺរាតត្បាត ដោយមានការតាមដាន និងធ្វើតេស្តយ៉ាងហ្មត់ចត់ ប៉ុន្តែការចាក់វ៉ាក់សាំងយឺត បានត្រួតស៊ីគ្នាជាមួយនឹងការកើនឡើងនៃវ៉ារ្យ៉ង់ ដែលងាយចម្លង។

ប្រហែល ៤៥ ភាគរយនៃប្រជាជនចំនួន ៥២ លាននាក់របស់កូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយមានតែ ១៥ ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។

ប្រទេសនេះ មានគោលបំណងចាក់ថ្នាំបង្ការដល់មនុស្សពេញវ័យជាង ៧០ ភាគរយ នៅត្រឹមខែកញ្ញា នៅពេលដែលខ្លួន ចាក់វ៉ាក់សាំងដល់អ្នក ដែលមានអាយុចាប់ពី ១៨ ដល់ ៤៩ឆ្នាំ ជាមួយផលិតផលរបស់ Moderna ឬ Pfizer/BioNTech ។ ការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុកំណត់ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ២៦ ខែសីហា ហើយគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។

អត្រាមរណភាពរបស់ប្រទេសកូរ៉េខាងត្បូង មានចំនួន ១ ភាគរយគិតត្រឹមថ្ងៃអាទិត្យ ខណៈចំនួនករណីធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានម៉ាស៊ីនជំនួយខ្យល់ បន្តកើនឡើង ដោយមាន ៣៦៧ ករណីបច្ចុប្បន្ន ត្រូវបានវាយតម្លៃថា ធ្ងន់ធ្ងរ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។