បណ្តាញសង្គម

កូរ៉េខាងត្បូង និងអាមេរិក នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាបឋមនៅថ្ងៃអង្គារនេះ

 ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃច័ន្ទថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាបឋមនៅថ្ងៃអង្គារនេះ ទោះបីកូរ៉េខាងជើងព្រមានថាសមយុទ្ធនេះ នឹងបង្ហាញសញ្ញានៃការរលាយអន្តរកូរ៉េក៏ដោយ។

សមយុទ្ធ ដែលមានឈ្មោះថា ការបណ្តុះបណ្តាលបុគ្គលិកគ្រប់គ្រងវិបត្តិ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្ត ក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន ដែលអាចកើតមាន ហើយនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃសុក្រ មុនពេលប្តូរទៅធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលគ្រោងធ្វើនៅថ្ងៃទី ១៦-២៦ ខែសីហា នេះបើតាមប្រភពយោធាមិនស្គាល់អត្តសញ្ញាណ និងប្រភពរដ្ឋាភិបាល។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ទំហំ និងទ្រង់ទ្រាយនៃសមយុទ្ធនេះ មិនទាន់ត្រូវបានព្រាងបញ្ចប់នៅឡើយទេ។ កងកម្លាំងអាមេរិកនៅកូរ៉េ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយលើកឡើងពីគោលនយោបាយរបស់ខ្លួន។

កូរ៉េខាងត្បូង និងអាមេរិក តែងតែធ្វើសមយុទ្ធយោធាជាប្រចាំ ជាពិសេសនៅនិទាឃរដូវ និងរដូវក្តៅ ប៉ុន្តែកូរ៉េខាងជើង មានប្រតិកម្មដោយខឹងសម្បាររាប់ទសវត្សមកហើយ ដោយហៅសមយុទ្ធនេះ ថាជាការហាត់សមសម្រាប់សង្គ្រាម។

បើតាម Yonhap ការធ្វើសមយុទ្ធនេះ ភាគច្រើនមានលក្ខណៈជាកុំព្យូរទ័រ ដោយគ្មានការហ្វឹកហ្វឺនផ្ទាល់ពីទីលាន ដែលពាក់ព័ន្ធនឹងកងទ័ពដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយសាររោគរាតត្បាត។ ការព្រមានរបស់កូរ៉េខាងជើង បានជំរុញឱ្យមន្រ្តីសេអ៊ូល និងសមាជិកគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Moon អំពាវនាវឱ្យពន្យារពេលសមយុទ្ធ ដើម្បីពន្លឿនការផ្សះផ្សាអន្តរកូរ៉េ។

ប៉ុន្តែប្រធានគណបក្សកាន់អំណាច បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ការធ្វើសមយុទ្ធ មិនអាចពន្យារពេលបានទេ ព្រោះវាត្រូវបានធ្វើឡើងជាទៀងទាត់សម្រាប់គោលបំណងការពារហើយការរៀបចំ បាន “ស្ទើរតែរួចរាល់ហើយ” នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃចន្ទ-ម្សិលមិញ។