បណ្តាញសង្គម

កូរ៉េខាងជើង ទំនងជាចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ

អង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលត្រូវបានគេជឿថា បានផលិតផ្លាតូនីញ៉ូម-ជាធាតុគីមីនៃអាតូមិក សម្រាប់អាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មិនមានសិទ្ធិចូលទៅកាន់ប្រទេសកូរ៉េខាងជើងទេចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្តេញអ្នកត្រួតពិនិត្យរបស់ខ្លួន ចេញពីប្រទេសក្នុងឆ្នាំ ២០០៩ ។ បន្ទាប់មកប្រទេសនេះ បានបន្តដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយមិនយូរប៉ុន្មាន បានចាប់ផ្តើមធ្វើតេស្តនុយក្លេអ៊ែរឡើងវិញ។

ការធ្វើតេស្តនុយក្លេអ៊ែរចុងក្រោយរបស់កូរ៉េគឺនៅឆ្នាំ ២០១៧ ។ ឥឡូវនេះ IAEA ឃ្លាំមើលកូរ៉េខាងជើងពីចម្ងាយ ដែលភាគច្រើនតាមរយៈរូបភាពផ្កាយរណប។ បើតាមរបាយការណ៍របស់ IAEA "មិនមានការចង្អុលបង្ហាញអំពីប្រតិបត្តិការរ៉េអាក់ទ័រទេ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ ២០១៨ រហូតដល់ដើមខែកក្កដា ឆ្នាំ ២០២១"។

រ៉េអាក់ទ័រ ៥ មេហ្កាវ៉ាត់នៅ Yongbyon ដែលជាមជ្ឈមណ្ឌលនុយក្លេអ៊ែរ នៅចំកណ្តាលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទោះយ៉ាងណា ចាប់តាំងពីដើមខែកក្កដា ឆ្នាំ ២០២១ មានការចង្អុលបង្ហាញ រួមទាំងការបញ្ចេញទឹកត្រជាក់ ដែលត្រូវនឹងប្រតិបត្តិការរបស់រ៉េអាក់ទ័រ។

IAEA ចេញរបាយការណ៍ជារៀងរាល់ឆ្នាំ មុនកិច្ចប្រជុំនៃប្រទេសជាសមាជិករបស់ខ្លួន ដោយបង្ហោះតាមអ៊ិនធរណេត ដោយគ្មានការប្រកាស។ របាយការណ៍នេះ ត្រូវបានចុះកាលបរិច្ឆេទនៅថ្ងៃសុក្រ (២៧ សីហា) នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។