បណ្តាញសង្គម

ក្រុមប្រឆាំងនៅក្នុងបក្សកាន់អំណាចរបស់ហ្វីលីពីន ព្យាយាមបណ្តេញលោក Duterte ចេញពីតួនាទីប្រធាន

 ជម្លោះរវាងក្រុមគូប្រជែងនៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសហ្វីលីពីន បានកើនឡើងកាលពីថ្ងៃអាទិត្យទី ២៩ ខែសីហា នៅពេលដែលក្រុមមួយដឹកនាំដោយតារាប្រដាល់ Manny Pacquiao បានព្យាយាមដកប្រធានាធិបតី Rodrigo Duterte ចេញពីតួនាទីជាប្រធានគណបក្សដោយការបោះឆ្នោតខ្លួនឯង។

ដោយបដិសេធមិនទទួលស្គាល់ការសម្រេចចិត្តនេះ អ្នកគាំទ្ររបស់លោក Duterte បាននិយាយថា លោក នៅតែជាប្រធាន និងបានចាត់តាំងបក្សពួកផ្សេងទៀតថា ជាអ្នកធ្វើពុត និងជាអ្នកស្វែងរកការចាប់អារម្មណ៍។

លោក Pacquiao លោក Duterte និងអ្នកគាំទ្ររៀងៗខ្លួន បានព្យាយាមដណ្តើមអំណាចគ្រប់គ្រងគណបក្ស PDP-Laban មុនការបោះឆ្នោតនៅខែឧសភាខាងមុខនេះ ដោយបោះឆ្នោតជ្រើសរើសសមាជិករបស់ខ្លួនឯង ដោយឯកតោភាគី ដើម្បីដឹកនាំតួនាទីគណបក្ស។

ក្រុម ដែលគាំទ្រដោយលោក Duterte កាលពីពេលថ្មីៗនេះ បានបណ្ដេញលោក Pacquiao ជាប្រធានគណបក្ស ប៉ុន្តែលោក Pacquiao បានបដិសេធ មិនចុះចេញពីតំណែងឡើយ។ បុរសទាំងពីរ បានធ្លាក់ពីតំណែងកាលពីខែមិថុនា បន្ទាប់ពី Pacquiao បានរិះគន់ជំហររបស់លោក Duterte ក្នុងជម្លោះដែនទឹកសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ដែលក្រោយមក បានរអ៊ូរទាំ ដោយបន្ទោសលើចំណេះដឹងនយោបាយការបរទេសរាក់ៗ របស់អ្នកប្រដាល់រូបនេះ។

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរបស់ហ្វីលីពីន ត្រូវបានដកស្រង់សប្តាហ៍មុនដោយនិយាយថា ខ្លួន នឹងត្រូវសម្រេចចិត្តដោយផ្អែកលើឯកសារ និងរដ្ឋធម្មនុញ្ញរបស់គណបក្ស។ កាលពីសប្តាហ៍មុន លោក Duterte ដែលបានកាន់អំណាចតាំងពីឆ្នាំ ២០១៦ បាននិយាយថាលោក នឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅខែឧសភា ឆ្នាំ ២០២២ ក្រោមបដាគណបក្ស PDP-Laban ។

នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសហ្វីលីពីន ប្រធានាធិបតី អាចបម្រើការងារបានតែមួយអាណត្តិ ប្រាំមួយឆ្នាំប៉ុណ្ណោះ។ លោក Pacquiao ដែលកំពុងធ្វើដំណើរត្រឡប់មកផ្ទះវិញ បន្ទាប់ពីការចាញ់នៅក្នុងការប្រកួតប្រដាល់ថ្ងៃទី ២១ ខែសីហាជាមួយគុយបា នៅ Las Vegas បាននិយាយថា លោក នឹងប្រកាសនៅខែក្រោយ ថាតើ លោក នឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២២ ឬយ៉ាងណា នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។