បណ្តាញសង្គម

នាយករដ្ឋមន្ត្រីក្រិក រុះរើគណៈរដ្ឋមន្ត្រី

 អ្នកនាំពាក្យរដ្ឋាភិបាលក្រិក បានប្រកាសកាលពីថ្ងៃអង្គារ នៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ថា នាយករដ្ឋមន្រ្តីក្រិក Kyriakos Mitsotakis បានរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួនហើយ ដោយបន្ថែមមុខមាត់ថ្មី បន្ទាប់ពីការរិះគន់លើរដ្ឋាភិបាល ក្នុងការដោះស្រាយភ្លើងឆេះព្រៃនៅរដូវក្តៅនេះ ។

ព្រៃរាប់ពាន់ហិកតា ត្រូវបានដុតបំផ្លាញដោយភ្លើង ដែលបានឆាបឆេះអស់ជាច្រើនថ្ងៃ នៅទូទាំងប្រទេសក្រិក កាលពីខែសីហា ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួន និងបំផ្លាញផ្ទះ និងអាជីវកម្ម រាប់ពាន់ខ្នង។

មនុស្សម្នាក់ ត្រូវបានសម្លាប់ដោយភ្លើង និងម្នាក់ទៀត បានស្លាប់ ដើម្បីជួយការពារ។ ក្នុងគោលបំណងបន្ធូរកំហឹងសាធារណៈ ដែលកំពុងកើនឡើងចំពោះការពន្យារពេល និងការបរាជយនៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Mitsotakis ដែលមកពីរដ្ឋាភិបាលអភិរក្សនិយម បានឡើងកាន់តំណែងនៅខែកក្កដាឆ្នាំ ២០១៩ បានសុំទោសជាសាធារណៈ ហើយសន្យាថា កំហុស នឹងត្រូវកែតម្រូវ។

ការរុះរើនេះ នឹងកើតឡើងពីរបីថ្ងៃ មុនពេលលោក Mitsotakis បង្ហាញពីគោលនយោបាយសេដ្ឋកិច្ចរបស់លោក សម្រាប់ឆ្នាំក្រោយនៅក្នុងសុន្ទរកថាគន្លឹះប្រចាំឆ្នាំ នៅឯពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅក្រុង Thessaloniki។

មុខតំណែងរដ្ឋមន្រ្តីសំខាន់ៗនៅក្នុងក្រុមការងារសេដ្ឋកិច្ច ក្រសួងការបរទេស និងក្រសួង ជាច្រើនទៀត នៅរក្សាបន្ត-មិនផ្លាស់ប្តូរ នេះបើយោងតាមអ្នកនាំពាក្យ ផ្សាយតាមទូរទស្សន៍ជាតិ ERT ។ ការកែសម្រួលមុខតំណែង ក៏ត្រូវបានធ្វើឡើងនៅក្នុងក្រសួងផ្សេងទៀត ក្នុងមុខតំណែងជា អនុរដ្ឋមន្ត្រីផងដែរ។

គណៈរដ្ឋមន្រ្តីក្រិកថ្មី នឹងស្បថចូលកាន់តំណែងនៅថ្ងៃអង្គារក្រោយ ដោយអាណត្តិរបស់ខ្លួន នឹងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២៣ នេះបើតាមការផ្សាយរបស់ Xinhua និងការដកស្រង់ពី Reuters កាលពីម្សិលមិញ។