បណ្តាញសង្គម

មនុស្សរាប់ពាន់នាក់ ចូលរួមបាតុកម្មតវ៉ានៅទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង

ប្រជាជនថៃរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅកណ្តាលទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ (២ កញ្ញា) ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha លាលែងពីតំណែង ដោយនិយាយថា ពួកគេ នឹងត្រឡប់មកវិញជារៀងរាល់ថ្ងៃ រហូតដល់លោក ព្រមចាកចេញពីតំណែង បាតុកម្ម នៅផ្លូវបំបែក Asoke នៅកណ្តាលទីក្រុងបាងកក គឺជាការជួបជុំដ៏ធំបំផុតមួយនៅឆ្នាំនេះបើទោះបីជាមានការព្រមានហាមឃាត់ ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ ១៩ ពីប៉ូលីស កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក៏ដោយ ។

ការតវ៉ាប្រឆាំងលោក Prayut ទទួលបានសន្ទុះខ្លាំង ចាប់តាំងពីចុងខែមិថុនាមក ដោយក្រុមដែលស្វែងរកការដកតំណែងរបស់លោក កាលពីឆ្នាំមុន បានត្រឡប់មកវិញដោយមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន ដែលខឹងសម្បារ ដោយសារស្ថានការណ៍ជំងឺឆ្លង កាន់តែអាក្រក់ទៅៗ ។

បាតុកម្មនេះ កើតឡើងស្របពេលលោក Prayut កំពុងប្រឈមមុខនឹងការជជែកដេញដោល នៅក្នុងសភា ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ។ គណបក្សប្រឆាំងនយោបាយ បាន ចោទប្រកាន់នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីខុទ្ទកាល័យ ៥ រូបផ្សេងទៀតពីអំពើពុករលួយ ការគ្រប់ គ្រងសេដ្ឋកិច្ច មិនត្រឹមត្រូវ និងការឆ្លើយតបទៅនឹងមេរោគឆ្លង។

លោក Prayut និងរដ្ឋមន្ត្រីរបស់លោក បានច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងនិងការពារការប្រតិបត្តិរបស់ពួកគេទៅកាន់សភា។ ពួកគេ រំពឹងនឹងរួចផុតពីការបោះឆ្នោតគ្មានទំនុកចិត្ត ដែលបានគ្រោងទុកនៅថ្ងៃសៅរ៍នេះ ដោយសារតែសំឡេងភាគច្រើនច្បាស់លាស់នៅក្នុងសភារបស់ក្រុមចម្រុះ កំពុងកាន់អំណាច ហើយបើលោក នៅតែជានាយករដ្ឋមន្ត្រី នោះក្រុមអ្នកតវ៉ា នឹងរក្សាបន្តសម្ពាធលើលោក Prayut ។

ខណៈការធ្វើបាតុកម្មនៅផ្លូវ Asoke ប្រព្រឹត្តិទៅដោយសន្តិវិធី ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមួយក្រុមតូច បានដុតកាំជ្រួច និងដុតកង់ឡាន កាលពីថ្ងៃព្រហស្បតិ៍ នៅជិតគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីនៅផ្នែកផ្សេងទៀតនៃទីក្រុង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃសុក្រនេះ។