បណ្តាញសង្គម

អភិបាលក្រុងញូវយ៉ក ប្រកាសភាពអាសន្នលើព្យុះ Ida

អភិបាលរដ្ឋញូវយ៉កលោកស្រី Kathy Hochul បានប្រកាសស្ថានភាពគ្រាអាសន្នលើកដំបូងរបស់លោកស្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈសំណល់នៃព្យុះសង្ឃរា Ida បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ភាគតសាន-សហរដ្ឋអាមេរិក។

សេវាកម្មអាកាសធាតុជាតិ (NWS) ប្រចាំទីក្រុងញូវយ៉ក បានជម្រុញឱ្យប្រជាជន នៅឆ្ងាយពីដងផ្លូវ ដោយមានកំណត់ត្រា ភ្លៀងធ្លាក់ប្រហែល ៨០ មីល្លីម៉ែត្រ បានធ្លាក់នៅកណ្តាលឧទ្យាននៅ Manhattan កាលពីល្ងាចថ្ងៃពុធ។ នៅតាមដងផ្លូវ និងអាគារអាផាតមិនមួយចំនួន ត្រូវបានជ្រមុជចូលក្នុងទឹក រហូតដល់មួយម៉ែត្រ ខណៈអាជ្ញាធរទីក្រុងញូវយ៉ក បានប្រកាសហាមឃាត់ការធ្វើដំណើរលើផ្លូវ និងផ្លូវហាយវ៉េ ហូតដល់ម៉ោង ៥ ព្រឹក- ព្រលឹម។

ការប្រកាសលោកស្រីអភិបាលរដ្ឋញូវយ៉ក Hochul បានកើតឡើងប្រហែលមួយម៉ោង បន្ទាប់ពីអភិបាលក្រុងញូវយ៉ក បានប្រកាសភាពអាសន្ននៅក្នុងទីក្រុងរបស់លោក។

នៅព្រឹកព្រលឹមថ្ងៃនេះផងដែរ អភិបាលរដ្ឋ New Jersey ដែលមានព្រំប្រទល់ជាប់ទីក្រុងញូវយ៉ក ភាគខាងត្បូង ក៏បានប្រកាសស្ថានភាពគ្រាអាសន្ន ដើម្បីឆ្លើយតបទៅនឹងព្យុះសង្ឃរា Ida ផងដែរ ។

ព្យុះសង្ឃរា Ida បានបក់បោកមកដល់ រដ្ឋ Louisiana ជាព្យុះសង្ឃរាប្រភេទ ៤ កាលពីថ្ងៃអាទិត្យ ហើយបានចុះខ្សោយទៅជាព្យុះត្រូពិក នេះបើតាមការផ្សាយរបស់ Xinhua ចិន នៅថ្ងៃសុក្រនេះ។