បណ្តាញសង្គម

បុរសជនជាតិវៀតណាមម្នាក់ ត្រូវជាប់គុក ៥ ឆ្នាំពីបទដើរចម្លងមេរោគកូវីដ ១៩

 ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា ប្រទេសវៀតណាម បានដាក់គុកបុរសម្នាក់ កាលពីថ្ងៃច័ន្ទទី ៦ ខែកញ្ញា ក្នុងរយៈពេល ៥ ឆ្នាំ ពីបទបំពានច្បាប់តឹងរ៉ឹងនៃការធ្វើចត្តាឡីសក រយៈពេល ២១ ថ្ងៃ និងការចម្លងវីរុសនេះទៅអ្នកដទៃ។

បុរសឈ្មោ៖ Le Van Tri អាយុ ២៨ ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទ “ចម្លងជំងឺឆ្លងដ៏គ្រោះថ្នាក់” នៅឯសវនាការពញមួយថ្ងៃ នៅតុលាការប្រជាជនខេត្ត Ca Mau ភាគខាងត្បូង។

ប្រទេសវៀតណាម គឺជាប្រទេសមួយ ដែលទទួលបានជោគជ័យលើការទប់ស្កាត់មេរោគកូរ៉ូណានៅលើពិភពលោក ដោយសារការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ការតាមដានទំនាក់ទំនងយ៉ាងសកម្ម ការរឹតបន្តឹងតាមព្រំដែន និងការធ្វើចត្តាឡីសក។

ប៉ុន្តែការឆ្លងជាក្រុមថ្មី ចាប់តាំងពីចុងខែមេសាមក បានបំផ្លាញកំណត់ត្រានោះ។ Le Van Tri បានដំណើរត្រលប់ទៅទីក្រុង Ca Mau ពីទីក្រុងហូជីមិញ ... ហើយបំពានបទបញ្ជា ចត្តាឡីសករយៈពេល ២១ ថ្ងៃ និងបានឆ្លងដល់មនុស្ស ៨ នាក់ ក្នុងនោះម្នាក់ បានស្លាប់ដោយសារវីរុសនេះ បន្ទាប់ពីការព្យាបាលរយៈពេលមួយខែ។

Reuters មិនបានទាក់ទងតុលាការ Ca Mau ភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ។ Ca Mau ជាខេត្តភាគខាងត្បូងបំផុតរបស់វៀតណាម មានករណីឆ្លង COVID-19 តែ ១៩១ ករណី និងមានអ្នកស្លាប់ ២ នាក់ ចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើម។

ប្រទេសវៀតណាម កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលកាន់តែអាក្រក់ទៅ ៗ ដែលបានឆ្លងដល់មនុស្សជាង ៥៣៦.០០០ នាក់ និងបានសម្លាប់មនុស្ស ១៣.៣៨៥ នាក់ដែលភាគច្រើននៅប៉ុន្មានខែចុងក្រោយនេះ។

ប្រទេសនេះ បានផ្តន្ទាទោសមនុស្សពីរនាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារ ១៨ ខែ និងព្យួរទោសពីរឆ្នាំ ដោយជាប់ចោទដូចគ្នា នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។