បណ្តាញសង្គម

កូរ៉េខាងជើង និងខាងត្បូង ស្តារខ្សែទូរស័ព្ទ hotline ឆ្លងព្រំដែនឡើងវិញហើយ

 ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារទំនាក់ទំនងឆ្លងព្រំដែនឡើងវិញហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានកាត់ផ្តាច់ចោល កាលពីខែសីហា។

ការស្ដារឡើងវិញនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ ជាមួយនឹងការសាកល្បងមីស៊ីលជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់មួយ។

ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បានបញ្ជាក់ថា មន្រ្តីមកពីកូរ៉េទាំងពីរ បានផ្លាស់ប្តូរការហៅទូរស័ព្ទលើកដំបូងរបស់ពួកគេ ចាប់តាំងពីខែសីហាមក នៅព្រឹកថ្ងៃច័ន្ទនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួង បានឲ្យដឹងថា “ជាមួយនឹងការស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងខាងត្បូង-ខាងជើង រដ្ឋាភិបាល វាយតម្លៃថា មូលដ្ឋានគ្រឹះសម្រាប់ស្តារទំនាក់ទំនងអន្តរកូរ៉េ ត្រូវបានផ្តល់ជូន” ។

រដ្ឋាភិបាល សង្ឃឹមថា ... នឹងបន្តការសន្ទនាឡើងវិញយ៉ាងឆាប់រហ័ស និងចាប់ផ្តើមការពិភាក្សាជាក់ស្តែង ដើម្បីស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយថា នៅព្រឹកថ្ងៃច័ន្ទនេះ មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានបង្ហាញពីចេតនាស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងខាងជើង-ខាងត្បូង។

ការផ្លាស់ប្តូរនេះ គឺជាការប៉ុនប៉ងបង្កើត “សន្តិភាពយូរអង្វែង” នៅលើឧបទ្វីបកូរ៉េ។ KCNA បានអំពាវនាវឱ្យទីក្រុងសេអ៊ូល បំពេញ “ភារកិច្ច” នានារបស់ខ្លួន ដើម្បីស្តារទំនាក់ទំនងឆ្លងព្រំដែន ដែលកំពុងតានតឹង ដោយមិនបញ្ជាក់លម្អិត។

លោក Kim បានជម្រុញឱ្យកូរ៉េខាងត្បូង បោះបង់ចោលនូវ “ស្តង់ដារទ្វេ” របស់ខ្លួន និង “ការភ័ន្តច្រឡំ” ចំពោះសកម្មភាពយោធាការពារខ្លួនរបស់កូរ៉េខាងជើង នៅពេលកំពុងអភិវឌ្ឍន៍អាវុធផ្ទាល់ខ្លួន នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី នៅថ្ងៃចន្ទនេះ។