បណ្តាញសង្គម

កងកម្លាំងអ៊ីរ៉ាក់ ចាប់បានមេដឹកនាំជាន់ខ្ពស់រដ្ឋអ៊ីស្លាម

 នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានចាប់ខ្លួនសមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមរដ្ឋអ៊ីស្លាម -ជាអនុប្រធានម្នាក់ក្នុងការសម្លាប់មេដឹកនាំក្រុម Abu Bakr al-Baghdadi និងត្រួតត្រាហិរញ្ញវត្ថុរបស់ក្រុម។

Sami Jasim ត្រូវបានឃុំខ្លួននៅក្នុង “អគារប្រតិបត្តិការណ៏ខាងក្រៅ” ដោយសេវាកម្មស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់ នេះបើតាមលោក Kadhimi បានសរសេរនៅលើបណ្តាញសង្គម Twitter ដោយមិនបានផ្តល់ព័ត៌មានលម្អិត ឬកន្លែងណា ដែលត្រូវចាប់ខ្លួននោះទេ។

Jasim ជាជនជាតិអ៊ីរ៉ាក់ គឺជាមេដឹកនាំស្នូលម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាម ដែលអាចផ្តល់ព័ត៌មានដ៏មានតម្លៃលើប្រតិបត្តិការរបស់ក្រុមនេះ។ គេ គឺជាមេដឹកនាំជាន់ខ្ពស់ IS ទី ២ តែម្នាក់គត់ ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួនទាំងរស់។

យោងតាមគេហទំព័ររបស់កម្មវិធី “រង្វាន់សម្រាប់យុត្តិធម៌” ប្រឆាំងអំពើភេរវកម្មរបស់ក្រសួងការបរទេសអាមេរិក Jasim គឺជា “ឧបករណ៍ដ៏សំខាន់ក្នុងការចាត់ចែងហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការភេរវកម្មរបស់ ISIS” ។

ខណៈដែលក្រុមរដ្ឋអ៊ីស្លាម ត្រូវបានបណ្តេញចេញពីទឹកដីភាគច្រើន ដែលខ្លួនធ្លាប់កាន់កាប់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ កាលពីប៉ុន្មានឆ្នាំមុន មន្រ្តីយោធាលោកខាងលិច បានប៉ាន់ប្រមាណថា ក្រុមនេះ នៅតែមានយុទ្ធជនយ៉ាងតិច ១០.០០០ នាក់នៅទូទាំងប្រទេសទាំងពីរ-ពិសេសនៅតាមតំបន់ដាច់ស្រយាល។

ក្រុមចម្រុះដឹកនាំដោយអាមេរិក កំពុងធ្វើការជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមឃឺដនៅក្នុងប្រទេសស៊ីរី ប្រឆាំងនឹងសំណល់នៃក្រុមនេះ។

នៅអ៊ីរ៉ាក់ ក្រុមសកម្មប្រយុទ្ធ IS នៅតែធ្វើការវាយប្រហារជាប្រចាំទៅលើប៉ូលីសកងទ័ព និងអង្គភាពការពាររដ្ឋអ៊ីរ៉ាក់ ដោយបានសម្លាប់ប៉ូលីស និងយុទ្ធជនរាប់សិបនាក់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។