បណ្តាញសង្គម

តម្លៃប្រេង ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ

នៅព្រឹកថ្ងៃច័ន្ទនេះ តម្លៃប្រេង បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារតម្រូវការ បានបន្តការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ -១៩ ដោយការងាកចេញពីឧស្ម័ន និងធ្យូងថ្មថ្លៃៗ ទៅជាប្រេងសាំង និងប្រេងម៉ាស៊ូតវិញ។

ប្រេងឆៅប្រភេទ Brent បានកើនឡើង ៨៧ សេន ឬ ១% ស្មើនឹង ៨៥,៧៣$ ក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុត គិតចាប់ពីខែតុលា ឆ្នាំ ២០១៨ មក។ ប្រេងឆៅ West Texas Intermediate របស់អាមេរិក បានឡើងថ្លៃ ១,១២ ដុល្លារ ឬ ១,៤ % ស្មើនឹង ៨៣,៤០ ដុល្លារក្នុងមួយបារ៉ែល ខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ ២០១៤ មក។

ប្រេងទាំងពីរប្រភេទ បានកើនឡើងយ៉ាងហោចណាស់ ៣% កាលពីសប្តាហ៍មុន។ អ្នកវិភាគមកពីធនាគារ ANZ បាននិយាយនៅក្នុងកំណត់សំគាល់មួយនៅថ្ងៃច័ន្ទនេះថា “ការបន្ធូរបន្ថយការរឹតត្បិតនៅជុំវិញពិភពលោក ទំនងជាជួយដល់ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ប្រេងឥន្ធនៈ” ។

ទីផ្សារប្រេងឥន្ធនៈ ត្រូវបានពុះកញ្ជ្រោលដោយព័ត៌មានថា សហរដ្ឋអាមេរិក នឹងបើកព្រំដែនរបស់ខ្លួន ទទួលអ្នកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួចរាក់ ចាប់ពីខែក្រោយ។ ហេតុការណ៏ស្រដៀងគ្នានេះ មាននៅក្នុងប្រទេសអូស្ត្រាលី និងនៅទូទាំងអាស៊ី បានធ្វើតាម” ។

ការផ្លាស់ប្តូរពីឧស្ម័ន ទៅជាប្រេងសម្រាប់ការផលិតថាមពលតែម្នាក់ឯង អាចបង្កើនតម្រូវការរហូតដល់ ៤៥០.០០០ បារ៉ែលក្នុងមួយថ្ងៃ នៅត្រីមាសទី ៤ ។

ទោះយ៉ាងណាការផ្គត់ផ្គង់ ក៏អាចកើនឡើងពីសហរដ្ឋអាមេរិកផងដែរ ទីដែលក្រុមហ៊ុនថាមពលកាលពីសប្តាហ៍មុន បានបន្ថែមអណ្តូងប្រេង និងឧស្ម័នធម្មជាតិរយៈពេល ៦ សប្តាហ៍ជាប់ៗគ្នា ដោយសារតម្លៃប្រេងឆៅ ឡើងថ្លៃ បានជំរុញឱ្យអ្នកខួងវិលត្រឡប់ទៅរកអណ្តូងវិញ។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចរបស់ប្រទេសចិន ទំនងជាលូតលាស់ក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលមួយឆ្នាំ នៅក្នុងត្រីមាសទី ៣ ដែលរងផលប៉ះពាល់ដោយការខ្វះខាតថាមពល ការរាំងស្ទះការផ្គត់ផ្គង់ និងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹក ថ្ងៃចន្ទនេះ។