បណ្តាញសង្គម

កូរ៉េខាងត្បូង បាញ់បង្ហោះគ្រាប់រ៉ុក្កែតផលិតក្នុងស្រុកលើកទី១

 កូរ៉េខាងត្បូង បានសាកល្បងបាញ់បង្ហោះយានអវកាសដំបូងគេរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែរ៉ុក្កែតនោះ បានបរាជ័យក្នុងការដាក់ផ្កាយរណបសំណាក ចូលទៅក្នុងគន្លងផែនដីទាប (ចន្លោះ600-800 គីឡូម៉ែត្រ)។ យាន KSLV-II ដែលត្រូវបានគេដាក់ឈ្មោះថា Nuri មានទម្ងន់ 200 តោន ប្រវែង 47.2 ម៉ែត្រ និងអង្កត់ផ្ចិតអតិបរមា 3.5 ម៉ែត្រ ត្រូវបានផ្ទុះចេញពីមជ្ឈមណ្ឌលអវកាស Naro នៅក្នុងភូមិឆ្នេរសមុទ្រភាគខាងត្បូងនៃ Goheung នៅម៉ោង 5:00 ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ នេះបើតាមវីដេអូផ្សាយផ្ទាល់ពីវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) បានបង្ហាញ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍នៅមជ្ឈ-មណ្ឌលអវកាសថា រ៉ុក្កែត ដែលផលិតក្នុងស្រុក បានបញ្ចប់គ្រប់លំដាប់នៃការហោះហើររបស់ខ្លួន ប៉ុន្តែលោក បានកត់សម្គាល់ថា ការដាក់ផ្កាយរណបសំណាកទៅក្នុងគន្លង នៅតែជាកិច្ចការមិនទាន់បញ្ចប់ ដែលត្រូវដោះស្រាយ។

អ្វីដែលត្រូវអួតនៅពេលនេះ គឺការបញ្ជូនរ៉ុក្កែតឡើងលើរយៈកម្ពស់ ៧០០ គីឡូម៉ែត្រក្នុងលំហ ហើយលោក Moon រំពឹងថា ការបាញ់បង្ហោះសាកល្បងបន្ទាប់របស់ Nuri ដែលគ្រោងធ្វើនៅខែឧសភា ឆ្នាំក្រោយ អាចសម្រេចបានជោគជ័យពេញលេញ។ នេះ ជាការបាញ់សាកល្បងគ្រាប់រ៉ុក្កែត-ផលិតក្នុងស្រុកដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងនៅក្នុងប្រទេស។

កូរ៉េខាងត្បូង បានវិនិយោគជិត 2 សែនកោដិវ៉ុន (1.7 ពាន់លានដុល្លារអាមេរិក) សម្រាប់ ទសវត្សរ៍ចុងក្រោយនេះ ដើម្បីអភិវឌ្ឍយានអវកាសក្នុងស្រុក រួមទាំងម៉ាស៊ីន និងធុងជំរុញ ក៏ដូចជាបន្ទះបាញ់បង្ហោះ និងប្រព័ន្ធរងយាន។ គម្រោងអភិវឌ្ឍន៍រ៉ុក្កែតអវកាស ដែលផលិតក្នុងស្រុក បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ 2010 ហើយប្រទេសនេះ បានសាកល្បងដោយជោគជ័យនូវម៉ាស៊ីនរាវកម្រិត 75 តោន របស់ខ្លួនដែលមានឈ្មោះថា KSLV-TLV នៅក្នុងខែវិច្ឆិកា ឆ្នាំ 2018 ។

ក្រុមហ៊ុនក្នុងស្រុកប្រហែល 300 រួមទាំងក្រុមហ៊ុនធំៗចំនួន 30 ដែលមានមនុស្សប្រហែល 500 នាក់ បានចូលរួមក្នុងការអភិវឌ្ឍន៍យានអវកាស ដែលអាចដាក់ពង្រាយផ្កាយរណបជាក់ស្តែងទម្ងន់ 1.5 តោន ទៅក្នុងគន្លងផែនដីទាប នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅថ្ងៃសុក្រនេះ។