បណ្តាញសង្គម

សហរដ្ឋអាមេរិក នឹងមកការពារកោះតៃវ៉ាន់

 ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញ នៅសាល CNN ថា សហរដ្ឋអាមេរិក នឹងមកការពារកោះតៃវ៉ាន់ ហើយមានការប្តេជ្ញាចិត្ត ដើម្បីការពារកោះនេះ។

លោក Biden បាននិយាយថា ប្រជាជន មិនគួរព្រួយបារម្ភអំពីកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ព្រោះ "ប្រទេសចិន រុស្ស៊ី និងពិភពលោកទាំងមូល ដឹងថាយើង ជាយោធាដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក"។ “អ្វី ដែលអ្នកត្រូវព្រួយបារម្ភនោះ គឺថា តើពួកគេ នឹងចូលរួមក្នុងសកម្មភាព ដែលនឹងធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាព បង្កកំហុសធ្ងន់ធ្ងរ ឬអត់»។

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅខែនេះថា ភាពតានតឹងផ្នែកយោធារវាងតៃវ៉ាន់ និងចិន ស្ថិតក្នុងកម្រិតដ៏អាក្រក់បំផុតក្នុងរយៈពេលជាង 40 ឆ្នាំមកនេះ ដោយបន្ថែមថា ប្រទេសចិន នឹងអាចបង្កើនការឈ្លានពាន "ទ្រង់ទ្រាយធំ" នៅឆ្នាំ 2025 ។

ចិន នៅតែបន្តអះអាងកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ដែលគួរតែត្រូវយកមកវិញដោយកម្លាំង បើចាំបាច់។ កោះតៃវ៉ាន់ និយាយថា ខ្លួនជាប្រទេសឯករាជ្យ ហើយនឹងការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃសុក្រនេះ។