បណ្តាញសង្គម

តាលីបង់ ប្តេជ្ញាធ្វើការជាមួយរុស្ស៊ី និងដៃគូក្នុងតំបន់ជុំវិញការគំរាមកំហែងរបស់ក្រុមរដ្ឋឥស្លាម

 ក្រុមតាលីបង់ បានយល់ព្រមកាលពីថ្ងៃពុធ-ម្សិលមិញនេះ ដើម្បីធ្វើការជាមួយរុស្ស៊ី ចិន និងអ៊ីរ៉ង់ស្តីពីសន្តិសុខក្នុងតំបន់ បន្ទាប់ពីវិមានក្រឹមឡាំង បានព្រមានអំពីការលេចចេញនូវក្រុមរដ្ឋអ៊ីស្លាម និងការគំរាមកំហែងពីការជួញដូរគ្រឿងញៀន បន្ទាប់ពីការដណ្តើមកាន់កាប់បានរបស់ក្រុមក្បាលរឹងនេះ នៅអាហ្វហ្គានីស្ថាន។

ក្នុងអំឡុងកិច្ចពិភាក្សានៅរដ្ឋធានីរុស្ស៊ី ការលេចមុខជាអន្តរជាតិចុងក្រោយបង្អស់របស់មេដឹកនាំកំពូលៗតាលីបង់ ចាប់តាំងពីពួកគេឡើងកាន់អំណាចកាលពីខែសីហា មានប្រទេសចំនួន ១០ ដែលបានចូលរួម ក៏បានអំពាវនាវឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់អាហ្វហ្កានីស្ថានហើយបាននិយាយថា ប្រទេសនានា ដែលទើបតែដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន គួរតែផ្តល់មូលនិធិដល់កិច្ចខិតខំកសាងឡើងវិញ។

កិច្ចពិភាក្សានេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានពីវត្តមានក្រុមយុទ្ធជន IS កំពុងប្រមូលផ្តុំគ្នានៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្សព្វផ្សាយពីការមិនចុះសម្រុងគ្នាខាងសាសនា និងជនជាតិនៅក្នុងអតីតសាធារណរដ្ឋសូវៀតដែលទីក្រុងម៉ូស្គូ ចាត់ទុកថាជាទីធ្លាក្រោយផ្ទះរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ ភាគីទាំងអស់ ដែលចូលរួមកិច្ចប្រជុំទីក្រុងម៉ូស្គូ បានលើកឡើងពីការព្រួយបារម្ភអំពីសកម្មភាពរបស់ក្រុមភេរវកម្ម ហើយបានបញ្ជាក់ជាថ្មីពីឆន្ទៈ របស់ពួកគេ ក្នុងការបន្តលើកកម្ពស់សន្តិសុខនៅអាហ្វហ្គានីស្ថាន ដើម្បីរួមចំណែកដល់ស្ថិរភាព ក្នុងតំបន់។

គណៈប្រតិភូរតាលីបង់ ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី Salam Hanafi ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងការដឹកនាំអាហ្វហ្កានីស្ថានថ្មី បានអំពាវនាវឱ្យមានការទទួលស្គាល់ជាថ្មីម្តងទៀត ដោយនិយាយថា “ភាពឯកោរបស់អាហ្វហ្គានីស្ថាន មិនស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីណាមួយឡើយ។ នេះត្រូវបានបង្ហាញឱ្យឃើញកាលពីអតីតកាល” ។

បេសកជនរបស់វិមានក្រឹមឡាំងប្រចាំប្រទេសអាហ្វហ្កានីស្ថាន បាននិយាយថា ការទទួលស្គាល់ជាផ្លូវការ នឹងកើតមានឡើងនៅពេលដែលក្រុមតាលីបង់ បំពេញតាមការរំពឹងទុកលើសិទ្ធិមនុស្ស និងអភិបាលកិច្ចរួម។

ក្រុមក្បាលរឹង ត្រូវការសម្ព័ន្ធមិត្តយ៉ាងខ្លាំង ដោយសារសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយជំនួយអន្តរជាតិ ត្រូវបានកាត់ផ្តាច់ តម្លៃម្ហូបអាហារ បានកើនឡើង ហើយភាពអត់ការងារធ្វើ ក៏កើនឡើង នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃ ព្រហ.នេះ។