បណ្តាញសង្គម

ប៉ាគីស្ថាន និងចិន ជំរុញឱ្យពិភពលោកបញ្ជូនជំនួយ មនុស្សធម៌ទៅកាន់ទីក្រុងកាប៊ុល

 នៅក្នុងការអំពាវនាវរួមគ្នាដ៏កម្រមួយ មេដឹកនាំប៉ាគីស្ថាន និងចិន កាលពីថ្ងៃអង្គារ-ម្សិលមិញ បានជំរុញសហគមន៍អន្តរជាតិ ឱ្យបញ្ជូនជំនួយមនុស្សធម៌ និងជំនួយសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែង ដែលប្រជាជន កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យនារដូវរងា។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បាននិយាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan និងប្រធានាធិបតីចិន Xi Jinping បានពិភាក្សាបញ្ហាប្រទេសអាហ្វហ្គានីស្ថាន តាមទូរស័ព្ទ ដោយនិយាយថា ប្រជាជននៅទីនោះ ត្រូវការជំនួយអន្តរជាតិ "ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគេ ការពារអស្ថិរភាព" និងកសាងឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញ ហើយពួកតាលីបង់ បានដណ្តើមអំណាច កាលពីខែសីហា។

ការវិវឌ្ឍន៍ចុងក្រោយនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបជាមួយតំណាងតាលីបង់ ក្នុងប្រទេសកាតា ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន។

ប៉ាគីស្ថាន និងចិន គឺជាសម្ព័ន្ធមិត្តដ៏យូរលង់មួយ ហើយរួមជាមួយប្រទេសផ្សេងទៀត ពួកគេបានបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ទីក្រុងកាប៊ុល ក្នុងរយៈពេលពីរខែកន្លងមកនេះ។ ប៉ាគីស្ថាន ចង់ឱ្យសហគមន៍ពិភពលោក ឈប់បង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន ដើម្បីឱ្យក្រុងកាប៊ុល ប្រើលុយផ្ទាល់ខ្លួន ដើម្បីបញ្ចៀសវិបត្តិកាន់តែធ្ងន់ធ្ងរ។

បច្ចុប្បន្ន រដ្ឋាភិបាលតាលីបង់ មិនមានសិទ្ធិបើកទុនបម្រុងចំនួន ៩ ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលភាគច្រើន ត្រូវបានកាន់កាប់ដោយធនាគារ New York Federal Reserve នេះបើតាមការផ្សាយរបស់ CNA/AP កាលពីថ្ងៃអង្គារ-ម្សិលមិញ។