បណ្តាញសង្គម

កិច្ចប្រជុំតាមវីដេអូរវាងលោក Biden-Xi គ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ

 កិច្ចប្រជុំតាមវីដេអូ ដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំចិន Xi Jinping នឹងត្រូវធ្វើឡើងភ្លាមៗនៅសប្តាហ៍ក្រោយនេះ នេះបើតាមបុគ្គលម្នាក់ សង្ខេបប្រាប់សារព័ត៌មានរ៉យទ័រអំពីបញ្ហានេះ។

តែអ្នកនាំពាក្យសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានបដិសេធ-មិនបញ្ជាក់ថាតើកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ឬយ៉ាងណានោះទេ ដោយការពិភាក្សាកម្រិតការងារ កំពុងដំណើរការដើម្បីបញ្ជាក់ពីព័ត៌មានលម្អិត។

ការផ្លាស់ប្តូរការទូតដ៏ចម្រូងចម្រាស់រវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន នៅដើមដំបូងនៃរដ្ឋបាលលោក Biden មិនបង្ហាញសញ្ញាជាសម្ព័ន្ធមិត្តគ្នាទេ ហើយមន្ត្រីអាមេរិក ជឿថាទំនាក់ទំនងដោយផ្ទាល់ជាមួយលោក Xi គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីទប់ស្កាត់ទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក ពីការរីករាលដាលឆ្ពោះទៅរកជម្លោះ។

ភាគីទាំងពីរ បាននិយាយថា ពួកគេ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីរៀបចំកិច្ចប្រជុំតាមវីដេអូរវាងលោក Biden និងលោក Xi នៅមុនដំណាច់ឆ្នាំ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Zurich ប្រទេសស្វីសកាលពីខែមុន រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan និងអ្នកការទូតកំពូលរបស់ចិនលោក Yang Jiechi ។

ប្រភពជាច្រើន បានប្រាប់រ៉យទ័រកាលពីខែមុនថា ដោយសារការរឹតត្បិត COVID-19 ក្នុងស្រុករបស់ប្រទេសចិន និងការស្ទាក់ស្ទើររបស់លោក Xi ក្នុងការធ្វើដំណើរ ទីក្រុងវ៉ាស៊ីនតោន មានបំណងរៀបចំជំនួបតាមវីដេអូនៅក្នុងខែវិច្ឆិកា។

អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចប្រជុំ ដែលបានគ្រោងទុកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវជាមួយប្រទេសចិន និងមិនមែននិយាយអំពីការស្វែងរកដំណោះស្រាយជាក់លាក់នោះទេ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។