បណ្តាញសង្គម

ទីក្រុងកំពង់ផែ Dalian របស់ចិន កំពុងប្រយុទ្ធតស៊ូនឹងការកើនឡើងករណី ឆ្លងកូវីដ-១៩ ជាចង្កោម

(ប៉េកាំង)៖ ករណីឆ្លងជំងឺ COVID-19 ដែលកំពុងកើនឡើងនៅក្នុងទីក្រុងតាលៀន (Dalian) របស់ប្រទេសចិន បានជំរុញឱ្យទីក្រុងកំពង់ផែភាគឦសានមួយនេះ ដាក់ចេញនូវ វិធានការរឹតត្បឹតលើការធ្វើដំណើរចេញពីទីក្រុង ក៏ដូចជាការបិទសាលារៀន និងបិទកន្លែងវប្បធម៌មួយចំនួនផងដែរ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមទិន្នន័យផ្លូវការ ទីក្រុង Dalian នៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៥២ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើប្រៀបធៀបទៅនឹងករណីឆ្លងប្រចាំថ្ងៃដែលត្រូវបានរាយការណ៍នៅទីក្រុងផ្សេងៗទៀតរបស់ប្រទេសចិន ដែលរងផលប៉ះពាល់នៅក្នុងការផ្ទុះឡើងនៅទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលខែតុលាកន្លងមកនេះ។

គណៈកម្មការសុខាភិបាលជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា «វិធានការផ្សេងៗគួរតែត្រូវដាក់ចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងគួរតែត្រូវធ្វើ ឱ្យបានល្អប្រសើរបំផុត ដើម្បីឱ្យការឆ្លងរីករាលដាលនៃជំងឺនេះស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរយៈពេលដ៏ខ្លី និងកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងលើការរស់នៅ របស់សាធារណជនទូទៅ»។

មន្ត្រីដឹកជញ្ជូនក្នុងទីក្រុង ក៏បានបន្ថែមថា ចំនួនមនុស្សដែលធ្វើដំណើរចេញពីទីក្រុង Dalian បានធ្លាក់ចុះ ៩៦.៥ភាគរយ បន្ទាប់ពីទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ៧.៥លាននាក់ បានដាក់ចេញនូវវិធានការរឹតត្បឹតលើការដឹកជញ្ជូនសាធារណៈ និងបានព្រមានអ្នកស្រុកមិនឱ្យចាកចេញពីទីក្រុង Dalian ប្រសិនបើមិនមានការចាំបាច់។

ទីក្រុង Dalian ក៏បានទាមទារឱ្យសាលាមត្តេយ្យ សាលាបឋមសិក្សា និងវិទ្យាល័យ បិទទ្វារជាបណ្ដោះអាសន្នផងដែរ រួមទាំងការបិទបណ្ណាល័យ និងសារមន្ទីរមួយចំនួន ហើយបានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តជុំទី២ នៅទូទាំងទីក្រុង។

ដោយឡែកបើតាមកាសែតរដ្ឋចិន Global Times ទីក្រុង Dalian ដែលជាទីក្រុងកំពង់ផែឈានមុខគេសម្រាប់ការនាំចេញអាហារសមុទ្រ ក៏ដូចជាផ្លែឈើ និងសាច់មួយចំនួន ក៏បានបញ្ជាឱ្យអាជីវកម្មទាំងអស់ដែលគ្រប់គ្រងការនាំចូលអាហារកក ត្រូវផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៩៨,០៩៩ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤,៦៣៦នាក់៕

ដកស្រង់ពី៖ Fresh News