បណ្តាញសង្គម

ប្រមុខការទូតអឺរ៉ុប ប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់ «មនុស្សជាអាវុធ»

 (ម៉ូស្គូ)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល (Josep Borrell) បានប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់មនុស្ស ជាអាវុធ នៅចំពោះមុខវិបត្តិជនអន្តោប្រវេសន៍ក្នុងតំបន់អឺរ៉ុប។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Josep Borrell ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស លោក វ្ល៉ាឌីមៀ ម៉ាកៃ (Vladimir Makei) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងសារមួយបង្ហោះលើគណនី Twitter លោក Borrell បានឱ្យដឹងថាលោកបានលើកឡើងពី ស្ថានភាពមនុស្សធម៌ដ៏អាក្រក់នៅឯតំបន់ព្រំដែនសហភាពអឺរ៉ុប ជាពិសេសព្រំដែននៃប្រទេសប៉ូឡូញ និងបេឡារុស នៅក្នុងកិច្ចពិភាក្សាជាមួយលោក វ្ល៉ាឌីមៀ ម៉ាកៃ។

លោក Borrell បានបញ្ជាក់ដូច្នេះថា «ជីវិតមនុស្សត្រូវតែត្រូវបានការពារ...ហើយស្ថានការណ៍បច្ចុប្បន្នគឺជារឿងមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់ជាបន្ទាន់។ មនុស្សមិនគួរត្រូវបានប្រើប្រាស់ជាអាវុធនោះទេ»។

គួរបញ្ជាក់ថា ជំនួបរវាងលោក Borrell និងរដ្ឋមន្ត្រីការបរទេសបេឡារុស ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងសហភាពអឺរ៉ុបប្រកាសពីផែនការ ដាក់ទណ្ឌកម្មថ្មីលើបេឡារុស ដោយចោទថារដ្ឋាភិបាលទីក្រុងមីនស្ដិ៍ មានជាប់ពាក់ព័ន្ធនឹងការបង្កឱ្យមានវិបត្តិអន្តោប្រវេសន៍ជាការសងសឹកទៅនឹង ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

ប៉ុន្តែ បេឡារុសបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបគឺជា ទង្វើខុសច្បាប់៕

 ដកស្រង់ពី៖ Fresh News