បណ្តាញសង្គម

ក្រុមតាលីបង់ ធ្វើព្យុហយាត្រាយោធាជាមួយអាវុធ ផលិតដោយ សហរដ្ឋអាមេរិកនៅទីក្រុងកាប៊ុល ដើម្បីបង្ហាញពីកម្លាំងខ្លួន

 កងកម្លាំងតាលីបង់ បានធ្វើព្យុហយាត្រាយោធានៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ (១៤ វិច្ឆិកា) ដោយប្រើរថពាសដែកផលិតដោយអាមេរិក និងឧទ្ធម្ភាគចក្ររុស្ស៊ី នៅក្នុងការលាតបង្ហាញពីការផ្លាស់ប្តូរ ដែលកំពុងបន្តរបស់ពួកគេ ពីកងកម្លាំងបះបោរ ទៅជាកងទ័ពឈរជើងធម្មតា។

អ្នកនាំពាក្យក្រសួងការពារជាតិអាហ្វហ្កានីស្ថានលោក Enayatullah Khwarazmi បាននិយាយថា ក្បួនដង្ហែរ ត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចប់ការសិក្សារបស់ទាហានចំនួន 250 នាក់ ដែលបានទទួលការបណ្តុះបណ្តាលថ្មីៗ។

សមយុទ្ធនេះ មានពាក់ព័ន្ធនឹងរថពាសដែក M117 ផលិតដោយសហរដ្ឋអាមេរិករាប់សិបគ្រឿង ដែលបើកបរយឺតៗ ឡើងចុះលើផ្លូវធំក្រុងកាប៊ុល ដោយមានឧទ្ធម្ភាគចក្រ MI-17 ល្បាតពីលើ។ ទាហានជាច្រើន បានកាន់កាំភ្លើងវាយប្រហារ M4 របស់អាមេរិក។

សព្វាវុធ និងបរិក្ខារភាគច្រើន ដែលកងកម្លាំងតាលីបង់ កំពុងប្រើប្រាស់នាពេលនេះ គឺត្រូវបានផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដល់រដ្ឋាភិបាល ដែលគាំទ្រដោយអាមេរិកនៅទីក្រុងកាប៊ុល ក្នុងគោលបំណងសាងសង់កងកម្លាំងជាតិអាហ្វហ្គានីស្ថាន ដែលមានសមត្ថភាពប្រយុទ្ធនឹងពួកតាលីបង់។

ក្រុមមន្ត្រីតាលីបង់ បាននិយាយថា អ្នកបើកយន្តហោះ មេកានិក និងអ្នកឯកទេសផ្សេងទៀតមកពីអតីតកងទ័ពជាតិអាហ្វហ្គានីស្ថាន នឹងត្រូវបានបញ្ចូលទៅក្នុងកងកម្លាំងថ្មីមួយ ដែលបានចាប់ផ្តើមពាក់ឯកសណ្ឋានយោធាធម្មតា ជំនួសសម្លៀកបំពាក់ប្រពៃណីអាហ្វហ្គានីស្ថាន ដែលជាធម្មតាពាក់ដោយយុទ្ធជនរបស់ពួកគេ។

យោងតាមរបាយការណ៍មួយកាលពីចុងឆ្នាំមុន ដោយអគ្គអធិការពិសេសសម្រាប់ការកសាងអាហ្វហ្គានីស្ថានឡើងវិញ (Sigar) រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ទេរទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគិតជាទឹកប្រាក់មានតម្លៃជាង 28 ពាន់លានដុល្លារនូវសម្ភារៈ និងសេវាកម្មការពារជាតិ ដែលរួមមានអាវុធ គ្រាប់រំសេវ យានជំនិះ ឧបករណ៍មើលពេលយប់ យន្តហោះ និងប្រព័ន្ធឃ្លាំមើល ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧.

តែកងទ័ពអាមេរិក បានបំផ្លាញយន្តហោះជាង 70 គ្រឿង រថពាសដែករាប់សិបគ្រឿង និងឧបករណ៍ការពារដែនអាកាស មុនពេលហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៃទីក្រុងកាប៊ុល បន្ទាប់ពីប្រតិបត្តិការជម្លៀសដ៏វឹកវរ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។