បណ្តាញសង្គម

លោក ពូទីន ច្រានចោលការស្នើរបស់ក្រសួងការពារជាតិរុស្ស៊ី ឲ្យធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រខ្មៅ

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា លោកបានសម្រេចចិត្តច្រានចោលការស្នើ របស់ក្រសួងការពារជាតិរុស្ស៉ី ដែលចង់ឲ្យមានការរៀបចំធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ ឆ្លើយតបទៅនឹងសកម្មភាពរបស់អង្គការ NATO ក្រោមហេតុផលថា លោកមិនចង់ឲ្យភាពតានតឹង កើនឡើងកម្តៅថែមទៀតនៅក្នុងតំបន់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ កន្លងមកនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានរិះគន់អំពីភាពគ្រោះថ្នាក់ នៃសកម្មភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់សមុទ្រខ្មៅ ដោយសារតែកំណើននៃសកម្មភាពយន្តហោះឈ្លបការណ៍ របស់ក្រុមប្រទេសលោកខាងលិច ព្រមទាំងការហោះហើរកាន់តែញឹកញាប់ឡើង នៃយន្តហោះទម្លាក់គ្រាប់បែក ហើយនិងវត្តមានរបស់ក្រុមនាវាចម្បាំងអាមេរិក។

ទាក់ទងស្ថានការណ៍នៅតំបន់សមុទ្រខ្មៅ លោក ពូទីន បានបង្ហើបឲ្យដឹងដូច្នេះថា «ក្រសួងការពារជាតិយើង បានស្នើឲ្យរៀបចំសមយុទ្ធយោធាឥតព្រាងទុកមួយនៅសមុទ្រខ្មៅ ប៉ុន្តែខ្ញុំគិតថាវាដូចជាមិនល្អទេ ហើយខ្ញុំយល់ថាវាក៏មិនចាំបាច់អ្វី ត្រូវដុតបញ្ឆេះស្ថានការណ៍ក្នុងតំបន់ ឲ្យកាន់តែតានតឹងទៀតនោះដែរ»។

គួរបញ្ជាក់ថា ក្រៅពីតំបន់សមុទ្រខ្មៅ ភាពតានតឹងក៏កំពុងស្ថិតនៅកម្រិតខ្ពស់ផងដែរ ជុំវិញការសង្ស័យអំពីការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន ហើយនិងបញ្ហាជនអន្តោប្រវេសន៍រវាងបេឡារុស និងសហភាពអឺរ៉ុប៕

ដកស្រង់ពី៖ Fresh News