បណ្តាញសង្គម

អាមេរិក អូស្ត្រាលី និងអង់គ្លេស ចុះកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងអនុសម្ព័ន្ធភាពនុយក្លេអ៊ែរ

 អូស្ត្រាលី បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃចន្ទ (២២ វិច្ឆិកា) នេះលើកម្មវិធីប្រកួតប្រជែងដ៏ក្តៅគគុកមួយ ដើម្បីបំពាក់កងនាវាចររបស់ខ្លួន ជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសម្ព័ន្ធភាពការពារជាតិថ្មីជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិ Peter Dutton បានចូលរួមជាមួយអ្នកការទូតអាមេរិក និងអូស្ត្រាលីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ "ព័ត៌មានស្តីពីការជំរុញនុយក្លេអ៊ែររបស់កងទ័ពជើងទឹក" រវាងប្រទេសរបស់ពួកគេ។

នេះ គឺជាកិច្ចព្រមព្រៀងដំបូងស្តីពីបច្ចេកវិទ្យា ដែលត្រូវបានចុះហត្ថលេខាជាសាធារណៈ ចាប់តាំងពីប្រទេសទាំងបី បានប្រកាសនៅក្នុងខែកញ្ញា អំពីការបង្កើតសម្ព័ន្ធភាពការពារជាតិ AUKUS ដើម្បីប្រឈមមុខនឹងភាពតានតឹងជាយុទ្ធសាស្ត្រនៅប៉ាស៊ីហ្វិក ទីដែលការប្រកួតប្រជែងរវាងចិន និងអាមេរិក កំពុងកើនឡើង។

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ មុនពិធីចុះហត្ថលេខារបស់លោក Dutton នៅទីក្រុង Canberra ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Michael Goldman និងស្នងការជាន់ខ្ពស់អង់គ្លេស Victoria Treadell ថា "កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវជំហរការពារទៅវិញទៅមករបស់យើង" ។

ក្រោមកិច្ចព្រមព្រៀង AUKUS អូស្ត្រាលី នឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែរទំនើបបំផុតចំនួនប្រាំបី ដែលមានសមត្ថភាពបំបាំងកាយ និងបេសកកម្មរយៈចម្ងាយឆ្ងាយ។ វា ក៏ផ្តល់ការចែករំលែកការវាយប្រហារតាមអ៊ីនធឺណិត ចារកិច្ចសិប្បនិមិត្ត បរិមាណ និងសមត្ថភាពក្រោមសមុទ្រ ដែលមិនបានបញ្ជាក់។

កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យចិន ខឹងសម្បារ ដែលពណ៌នាថា វាជាការគំរាមកំហែង "គ្មានការទទួលខុសត្រូវខ្លាំង" ចំពោះស្ថិរភាពក្នុងតំបន់។ ហើយ បារាំង ក៏ខឹងសម្បារផងដែរ ដោយនៅទីបំផុត កិច្ចសន្យានាវាមុជទឹកដើរដោយម៉ាស៊ូត-អគ្គិសនីរបស់ខ្លួនជាមួយអូស្ត្រាលី ដែលមានតម្លៃ 65 ពាន់លានដុល្លារ ត្រូវបានលុបចោល នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីព្រឹកថ្ងៃចន្ទនេះ។