បណ្តាញសង្គម

បេក្ខជនប្រធានាធិបតីហ្វីលីពីន Manny Pacquiao ថា ខ្លួនពីក្មេងធ្លាប់ប្រើគ្រឿងញៀន ព្រោះតែក្តីឆោតល្ងង់ ខណៈជនល្មើសសព្វថ្ងៃ ដឹងច្បាស់ថាគ្រឿងញៀនគឺខុសច្បាប់ (Video inside)

(ម៉ានីល)៖ អតីតស្តេចប្រដាល់ លោក ម៉េននី ប៉ាក់គីអៅ (Manny Pacquiao) ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីហ្វីលីពីន បាននិយាយថា កាលពីក្មេងលោកធ្លាប់ប្រើគ្រឿងញៀន គឺដោយសារតែខ្លួនឆោតល្ងង់ និងពុំយល់ពីច្បាប់ ប៉ុន្តែសព្វថ្ងៃនេះវិញ ជនល្មើសដឹងច្បាស់ហើយថា គ្រឿងញៀនគឺខុសច្បាប់ ហើយអ្នកនោះគួរតែត្រូវដាក់ទោស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ប៉ាកគីអៅ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា «កាលពីពេលនៅក្មេង ខ្ញុំនៅឆោតល្ងង់ណាស់ ដូច្នេះហើយ ទើបខ្ញុំទៅប្រើគ្រឿងញៀន... ពេលនោះខ្ញុំមិនយល់ច្បាស់ពីច្បាប់ឡើយ។

ក៏ប៉ុន្តែសព្វថ្ងៃនេះ មនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់រួចហើយថា គ្រឿងញៀនគឺជារបស់ខុសច្បាប់»។ អតីតស្តេចប្រដាល់ពិភពលោករូបនេះ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងពិភពកីឡាកាលពីឆ្នាំ២០១៦ នៅពេលលោកបានទទួលស្គាល់ថា រូបលោកធ្លាប់បានប្រើប្រាស់គ្រឿងញៀន កាលពីនៅវ័យជំទង់។

កន្លងមក លោក ប៉ាក់គីអៅ ក៏ជាបុគ្គលលេចធ្លោមួយ ដែលគាំទ្រសង្រ្គាមគ្រឿងញៀន ដែលផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់របស់ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ផងដែរ ប៉ុន្តែឥឡូវលោកបានប្រកាន់ជំហរថា ជនល្មើសគ្រឿងញៀនគួរទទួលទោសមែន ប៉ុន្តែការដាក់ទោសគួរធ្វើឡើង ស្របទៅតាមច្បាប់ គឺដាក់ពន្ធនាគារជនទាំងនោះ។

គួរបញ្ជាក់ថា លោក ម៉េននី ប៉ាក់គីអៅ បានយកការប្រយុទ្ធប្រឆាំងគ្រឿងញៀន, អំពើពុករលួយ, និងភាពក្រីក្រ ធ្វើជាប្រធានបទគន្លឹះ សម្រាប់យុទ្ធនាការរបស់លោក ដើម្បីឆ្ពោះទៅប្រកួតប្រជែងយក តំណែងប្រធានាធិបតីហ្វីលីពីន បន្តពីលោក ឌូតឺតេ ក្នុងការបោះឆ្នោត នាឆ្នាំ២០២២ ខាងមុខ៕

ដកស្រង់ពី៖ Fresh News