បណ្តាញសង្គម

ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង សម្លាប់មនុស្ស ១៣ នាក់ និងរាប់សិបនាក់ទៀតរងរបួស

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រាប់ទូរទស្សន៍ Kompas TV កាលពីថ្ងៃអាទិត្យ (៥ ធ្នូ) ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើង Semeru របស់ឥណ្ឌូនេស៊ីនៅលើកោះ Java ឥឡូវនេះ មានចំនួន ១៣ នាក់ហើយ។

អ្នកស្លាប់ពីរនាក់ក្នុងចំណោម 13 នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណហើយ។ មនុស្សរាប់សិបនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលភាគច្រើនទទួលរងពីការរលាក។ អភិបាលរងស្រុក Lumajang លោកស្រី Indah Masdar បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ថា លោកស្រី បានស្នើសុំឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះមនុស្ស ហោចណាស់១០នាក់ ដែលជាប់នៅក្នុងអគារ។

កម្មករបូមខ្សាច់មួយចំនួន ក៏បានជាប់នៅជិតអណ្តូងរ៉ែ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។ ផ្លូវ និងស្ពានតភ្ជាប់ស្រុក Lumajang និងទីក្រុង Malang ដែលនៅជិតនោះ ត្រូវបានកាត់ផ្តាច់។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេស បាននិយាយថា អាជ្ញាធរ កំពុងតម្លើងតង់ជម្លៀស ប៉ុន្តែការជម្លៀស ត្រូវបានរារាំង ដោយផ្សែងក្រាស់ពីការផ្ទុះភ្នំភ្លើង។

AirNav Indonesia ដែលគ្រប់គ្រងដែនអាកាសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះនេះមិន "បណ្តាលឱ្យមានផលប៉ះពាល់ខ្លាំង" លើជើងហោះហើរនោះទេ។ ភ្នំភ្លើង Semeru ជាភ្នំភ្លើងខ្ពស់ជាងគេនៅលើកោះ Java ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មជិត 130 របស់ប្រទេសឥណ្ឌូនេស៊ី។

ស្ថានភាពប្រកាសអាសន្នរបស់ភ្នំភ្លើង នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតទីពីរ ចាប់តាំងពីការផ្ទុះដ៏ធំពីមុនរបស់ខ្លួន ក្នុងខែធ្នូ ឆ្នាំ 2020 ដែលបានបង្ខំមនុស្សរាប់ពាន់នាក់ ឱ្យភៀសខ្លួន និងចាកចេញពីភូមិដែលរងប៉ះពាល់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃអាទិត្យ-ម្សិលមិញ។