បណ្តាញសង្គម

Blinken ធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយមានប្រទេសចិន និងមីយ៉ាន់ម៉ា ក្នុងរបៀបវារៈ

 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នៅសប្តាហ៍ក្រោយ ក្នុងដំណើររៀបចំឡើង ដើម្បីបង្ហាញពីសារៈសំខាន់នៃតំបន់ សម្រាប់យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ក្នុងការតទល់នឹងប្រទេសចិន និងដើម្បីដោះស្រាយវិបត្តិ "កាន់តែអាក្រក់" នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា។

លោក Blinken នឹងចាប់ផ្តើមដំណើរជុំវិញពិភពលោករបស់លោកជាមួយនឹងកិច្ចប្រជុំ ជាមួយសហការី G7 នៅថ្ងៃសុក្រ (10 ខែធ្នូ) រហូតដល់ថ្ងៃអាទិត្យនៅទីក្រុង Liverpool ប្រទេសអង់គ្លេស នេះបើតាមអ្នកនាំពាក្យ Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។

ក្នុងចំណោមបញ្ហាផ្សេងទៀត លោក Blinken នឹងពិភាក្សាអំពី "ការកសាងកងកម្លាំងរុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន" ដែលជាវិបត្តិក្តៅគគុក ដែលត្រូវបានលើកដោយប្រធានាធិបតី Joe Biden និងសមភាគីរុស្ស៊ីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូរបស់ពួកគេកាលពីថ្ងៃអង្គារ។

បន្ទាប់មកលោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីសង្កត់ធ្ងន់លើអាទិភាពកំពូល នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែលត្រូវតទល់នឹងប្រទេសចិន ដែលកាន់តែខ្លាំងឡើងៗ។

សហរដ្ឋអាមេរិក ចោទចិនពីការគំរាមកំហែង និងដាក់សម្ពាធក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលចិន បានរងការរិះគន់ចំពោះការសាងសង់ទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គ ដែលប៉ះពាល់ដល់កម្រិតទឹក និងជលផលក្នុងប្រទេសជិតខាង។

នៅតំបន់អាស៊ីអាគ្នេយ៏ លោក Blinken នឹងថ្លែងពីសារះសំខាន់នៃ “តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” នឹងរំលឹកឡើងវិញទៅកាន់សមភាគីរបស់លោក អំពីសារៈសំខាន់នៃការកាន់កាប់របបយោធាភូមាឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន និងស្វែងរកការស្តារមាគ៌ារបស់ភូមា ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ។

លោក Blinken នឹងឈប់នៅហាវ៉ៃ នៅថ្ងៃទី 17 ខែធ្នូ តាមផ្លូវត្រលប់ទៅកាន់មាតុប្រទេសវិញ នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃព្រហ.នេះ។