បណ្តាញសង្គម

ចិននិយាយថា អង់គ្លេសកំពុងព្យាយាមបង្ខូចឈ្មោះកីឡាអូឡាំពិកក្រុងប៉េកាំង

 ប្រទេសចិន កាលពីថ្ងៃពុធ បានចោទប្រកាន់ប្រទេសអង់គ្លេសថា បានព្យាយាមបង្ខូចឈ្មោះកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង ដោយបំពានស្មារតីអូឡាំពិក បន្ទាប់ពីនាយករដ្ឋមន្ត្រី Boris Johnson និយាយថា មិនមានគម្រោងសម្រាប់រដ្ឋមន្ត្រីអង់គ្លេស ចូលរួមនោះទេ។

អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បាននិយាយថា "រដ្ឋាភិបាលចិន មិនបានអញ្ជើញរដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាលពីចក្រភពអង់គ្លេស ឱ្យចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនោះទេ" ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា "កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង គឺជាការប្រមូលផ្តុំនៃអត្តពលិកអូឡាំពិក និងអ្នកស្រឡាញ់កីឡារដូវរងានៅទូទាំងពិភពលោក មិនមែនជាឧបករណ៍នៃឧបាយកលនយោបាយសម្រាប់ប្រទេសណាមួយឡើយ"។

«ការបង្កើតបញ្ហាចេញពីវត្តមានមន្ត្រីរដ្ឋាភិបាលនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គឺជាខ្លឹមសារនៃយុទ្ធនាការលាបពណ៌នយោបាយ»។ កាលពីថ្ងៃពុធប្រទេសអូស្ត្រាលី បានចូលរួមជាមួយចក្រភពអង់គ្លេស និងកាណាដា រួមជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងការធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ 2022 ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងស៊ីដនី នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បាននិយាយថា រដ្ឋាភិបាល នឹងរក្សាតំណាងផ្លូវការរបស់ខ្លួននៅក្នុងប្រទេស ទោះបីជាអត្តពលិកអូស្ត្រាលី នឹងនៅតែចូលរួមការប្រកួតកីឡាក្នុងខែកុម្ភៈ ក៏ដោយ។

"ការរំលោភសិទ្ធិមនុស្ស និងបញ្ហានៅក្នុងខេត្ត Xinjiang" គឺជាការព្រួយបារម្ភមួយចំនួន ដែលលើកឡើងដោយរដ្ឋាភិបាលអូស្ត្រាលីជាមួយទីក្រុងប៉េកាំង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃព្រហ.នេះ។