បណ្តាញសង្គម

ឥណ្ឌា ចាប់ផ្តើមយន្តការចាក់វ៉ាក់សាំងលើកុមារ

ប្រទេសឥណ្ឌា បានចាប់ផ្តើមចាក់វ៉ាក់សាំងលើកុមារ ដែលមានអាយុពី 15 ទៅ 18 ឆ្នាំប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា កាលពីថ្ងៃចន្ទ-ម្សិលមិញនេះ ខណៈដែលប្រទេសនេះ ពង្រីកកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ដើម្បីការពារចំនួនប្រជាជនពេញវ័យដ៏ច្រើនបំផុតរបស់ពិភពលោក។

សាលាឯកជន និងរដ្ឋ នឹងត្រូវបង្កើនចំនួនទ្វេដង ជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងសម្រាប់កុមារ ហើយអាជ្ញាធរសាលា ត្រូវបានបញ្ជាឱ្យរាយការណ៍ទិន្នន័យការចាក់វ៉ាក់សាំងប្រចាំថ្ងៃរបស់ពួកគេទៅកាន់អាជ្ញាធររដ្ឋ។

អាជ្ញាធរក្នុងរដ្ឋ Gujarat ដែលជារដ្ឋកំណើតរបស់នាយករដ្ឋមន្ត្រី Narendra Modi សង្ឃឹមថានឹងផ្តល់វ៉ាក់សាំងដំបូងដល់កុមារចំនួន 3.6 លាននាក់ក្នុងសប្តាហ៍នេះ។ កុមាររាប់ពាន់នាក់ ដែលភាគច្រើនអមដំណើរដោយឪពុកម្តាយ បានតម្រង់ជួរនៅខាងក្រៅសាលារៀន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងជំរុំសុខភាពពិសេស ចាប់ពីព្រឹកថ្ងៃច័ន្ទតទៅ ដើម្បីទទួលបានវ៉ាក់សាំងដំបូងរបស់ពួកគេ។

ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាល នឹងផ្តល់ឱ្យកុមារនូវវ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech ព្រោះថានេះ គឺជាវ៉ាក់សាំងតែមួយគត់ ដែលបានចុះបញ្ជីប្រើប្រាស់បន្ទាន់សម្រាប់ក្រុមអាយុពី 15 ទៅ 18 ឆ្នាំ។

មនុស្សពេញវ័យនៅក្នុងប្រទេសឥណ្ឌា ទទួលបានវ៉ាក់សាំង Covaxin, AstraZeneca ដែលត្រូវបានគេដាក់ឈ្មោះថា Covishield និងវ៉ាក់សាំង Sputnik V ។ អាជ្ញាធរឥណ្ឌា កាលពីថ្ងៃចន្ទ បានរាយការណ៍ថា មានអ្នកឆ្លង COVID-19 ថ្មីចំនួន 33,750 និងអ្នកស្លាប់ចំនួន 123 នាក់។

ក្រសួងសុខាភិបាល បាននិយាយថា ចំនួនករណីឆ្លងសរុបនៃវ៉ារ្យ៉ង់ Omicron ដែលរីករាលដាលយ៉ាងឆាប់រហ័ស ហើយត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌាគឺ 1,700 នាក់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។