បណ្តាញសង្គម

ប្រទេសថៃ ជំរុញឱ្យមានការចាក់ដូសជម្រុញ COVID-19 ខណះករណី Omicron កើនឡើង

 ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យប្រជាជនខ្លួន ចេញមកទទួលវ៉ាក់សាំងដូសជម្រុញ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកំណើនករណីឆ្លងវ៉ារ្យ៉ង់ Omicron ទ្វេដង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

មន្ត្រីសុខាភិបាល បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាករណីឆ្លងវ៉ារ្យ៉ង់ Omicron ចំនួន ២.០៦២ ករណី រហូតមកដល់ពេលនេះ ពោលគឺកើនឡើងពី ៧៤០ ករណី មុនថ្ងៃឈប់សម្រាក។

អាជ្ញាធរសុខាភិបាល បានព្រមានពីហានិភ័យកំណើននៃការឆ្លង បន្ទាប់ពីថ្ងៃឈប់សម្រាក នៅពេលដែលមនុស្សធ្វើដំណើរទៅផ្ទះ និងប្រមូលផ្តុំគ្នានៅភោជនីយដ្ឋានសម្រាប់ការប្រារព្ធពិធី។ រហូតមកដល់ពេលនេះ ប្រទេសថៃ បានចាក់វ៉ាក់សាំង 64.1 ភាគរយនៃប្រជាជនប្រមាណ 72 លាននាក់នៅក្នុងប្រទេស ដោយការចាក់ចំនួន 2 ដង នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ខណៈពេលដែលមន្ត្រី បាននិយាយថា មានតែ 9.8 ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី 3 ។

ដូសទី 4 នឹងត្រូវបានផ្តល់ឱ្យបុគ្គលិកពេទ្យ បុគ្គលិកជួរមុខ និងក្រុមហានិភ័យ រយះពេល 3 ខែបន្ទាប់ពីការចាក់លើកទី 3 របស់ពួកគេ។ ដោយសារការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ប្រទេសថៃ កាលពីខែមុន បានផ្អាកគម្រោងការធ្វើដំណើរ Test & Go របស់ខ្លួន ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរបានចាក់វ៉ាក់សាំង មិនបាច់ធ្វើចត្តាឡីស័ក ហើយអ្នក ដែលបានចុះឈ្មោះសម្រាប់គម្រោងនេះពីមុន ត្រូវតែចូលមកប្រទេសថៃ ត្រឹមថ្ងៃទី 10 ខែមករា នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអង្គារ៍។