បណ្តាញសង្គម

ចិន តែងតាំងអតីតប្រធានយោធាប្រតិព័ទ្ធ ជាមេបញ្ជាការយោធភូមិភាគហុងកុងថ្មី

ទូរទស្សន៍រដ្ឋ CCTV បានផ្សាយកាលពីយប់ថ្ងៃអាទិត្យ (៩ មករា) ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់កងទ័ពរំដោះប្រជាជន (PLA) ថា ប្រទេសចិន បានតែងតាំងអតីតប្រធានយោធាប្រតិព័ទ្ធ លោក Peng Jingtang ជាមេបញ្ជាការថ្មីនៃយោធភូមិភាគនៃ (PLA) ក្នុងទីក្រុងហុងកុង លោក Peng ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយឯក ពីមុនជានាយរងសេនាធិការនៃកងកម្លាំងប៉ូលិសយោធាប្រតិព័ទ្ធរបស់ប្រទេសចិន គឺប៉ូលិសប្រដាប់អាវុធប្រជាជន។

CCTV បានផ្សាយថា ការតែងតាំងរបស់លោក ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីចិន Xi Jinping ។ កងទ័ពរំដោះប្រជាជន រក្សាយោធភូមិនៅហុងកុង ប៉ុន្តែសកម្មភាពរបស់វា ភាគច្រើនមានកម្រិតទាប។

នៅក្រោមរដ្ឋធម្មនុញ្ញខ្នាតតូចរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ ច្បាប់ជាមូលដ្ឋាន ការការពារជាតិ និងកិច្ចការបរទេស ត្រូវបានគ្រប់គ្រងដោយមេដឹកនាំបក្សកុម្មុយនិស្តនៅទីក្រុងប៉េកាំង។ ហុងកុង បានប្រគល់ត្រលប់ទៅការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ 1997 ជាមួយនឹងការសន្យាថា សិទ្ធិបុគ្គលទូលំទូលាយ នឹងត្រូវបានការពារ។

ប៉ុន្តែសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមសិទ្ធិមនុស្ស និយាយថា សេរីភាព ត្រូវបានបំផ្លាញ ជាពិសេសចាប់តាំងពីប្រទេសចិន បានដាក់ច្បាប់សន្តិសុខជាតិថ្មី បន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនខែក្នុងឆ្នាំ 2019។

អជ្ញាធរហុងកុង និងចិន បានបដិសេធការទប់ស្កាត់សេរីភាព ហើយនិយាយថា ច្បាប់ គឺចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីភាពចលាចលអូសបន្លាយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃចន្ទនេះ។