បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីលទំនើបជាងមុន បន្ទាប់ពីការសាកល្បងមីស៊ីលលឿនជាងសំឡេង

 យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង ទំនងជាបានបាញ់សាកល្បងកាំជ្រួចផ្លោងកាលពីថ្ងៃអង្គារ (11 មករា) ដែលប្រហែលជាកាន់តែទំនើបជាងមីស៊ីលលឿនជាងសម្លេង ដែលខាងជើង បានបាញ់តិចជាងមួយសប្តាហ៍មុន ខណៈដែលទីក្រុងព្យុងយ៉ាង ស្វះស្វែងអាវុធ ដែលមានថាមពលកាន់តែខ្លាំងជាងមុន។

ការបាញ់បង្ហោះកាលពីថ្ងៃអង្គារ ដែលត្រូវបានថ្កោលទោសដោយអាជ្ញាធរក្នុងទីក្រុងវ៉ាស៊ីនតោន និងតូក្យូ និងជំរុញឱ្យមានការបង្ហាញការព្រួយបារម្ភពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងការពង្រឹងយោធាជាមួយនឹងបច្ចេកវិទ្យាទំនើប ខណះកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក បានជាប់គាំង។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ាន់ប្រមាណដំបូង បានរកឃើញថា មីស៊ីលនេះ បានធ្វើដំណើរក្នុងរយៈចម្ងាយជាង 700 គីឡូម៉ែត្រ ទៅកាន់រយៈកម្ពស់អតិបរមា 60 គីឡូម៉ែត្រក្នុងល្បឿនរហូតដល់ 10 ដងនៃល្បឿនសំឡេង (12,348 គីឡូម៉ែត្រក្នុងមួយម៉ោង) ។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA វា គឺជាលើកទីមួយចាប់តាំងពីដើមឆ្នាំ 2020 ដែលមេដឹកនាំគីម ជុងអ៊ុន បានចូលរួមការបាញ់សាកល្បងមីស៊ីលជាផ្លូវការ។ ការបាញ់បង្ហោះនេះ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រហែល 7 និង 27 នាទីព្រឹក ថ្ងៃអង្គារ ពីខេត្ត Jagang របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាទីតាំងដូចគ្នាទៅនឹងការសាកល្បងកាលពីសប្តាហ៍មុន។

កូរ៉េខាងជើង បានចូលរួមក្នុងការប្រឡងប្រណាំងជាសាកល ក្នុងការអភិវឌ្ឍន៍មីស៊ីលលឿនជាងសំឡេង ដែលជាធម្មតាត្រូវបានកំណត់ថា ជាប្រភេទដែលឈានដល់ល្បឿនសំឡេងយ៉ាងតិចប្រាំដង ហើយដែលអាចហោះបានក្នុងគន្លងទាប ដែលធ្វើឲ្យពួកគេពិបាកក្នុងការឃើញ និងស្ទាក់ចាប់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃពុធ។