បណ្តាញសង្គម

នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ខណៈទំនាក់ទំនងការទូត បានរលាយបន្តិចម្តងៗ

 ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យទី 23 ខែមករាថា នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅក្នុងអ្វីដែលនឹងក្លាយជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីមានជម្លោះការទូតជុំវិញការលួចគ្រឿងអលង្ការជិតបីទសវត្សរ៍កន្លងមក។

អារ៉ាប៊ីសាអូឌីត បានបន្ទាបទំនាក់ទំនងការទូតរបស់ខ្លួនជាមួយទីក្រុងបាងកក បន្ទាប់ពីការលួចគ្រឿងអលង្ការក្នុងឆ្នាំ 1989 ប្រហែល 20 លានដុល្លារអាមេរិក ដោយអ្នកបោសសំអាតជាតិថៃម្នាក់ ដែលធ្វើការនៅក្នុងរាជវាំងរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេហៅថា "រឿងពេជ្រពណ៌ខៀវ" ។

ត្បូងមួយចំនួនធំ រួមទាំងត្បូងពេជ្រពណ៌ខៀវដ៏កម្រ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ ក្រសួងអារ៉ាប៊ីសាអូឌីត បាននិយាយថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារ តបតាមការអញ្ជើញរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman។

"ដំណើរទស្សនកិច្ចនេះ កើតឡើង ចំពេលមានការពិគ្រោះយោបល់ ដែលនាំឱ្យមានទស្សនះកាន់តែជិតស្និទ្ធលើបញ្ហាជាផលប្រយោជន៍រួម" ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងសម្របសម្រួលលើបញ្ហាទាំងនោះ ដោយក្រសួង មិនបានបញ្ជាក់លម្អិតឡើយ។

ការលួចគ្រឿងអលង្ការ នៅតែជាអាថ៌កំបាំងដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដែលមិនទាន់អាចដោះស្រាយបាន ហើយត្រូវបានបន្តដោយការបំផ្លិចបំផ្លាញដ៏បង្ហូរឈាម ដែលឃើញមេទ័ពកំពូលរបស់ប្រទេសថៃមួយចំនួន មានការជាប់ពាក់ព័ន្ធ។

មួយឆ្នាំបន្ទាប់ពីការលួច អ្នកការទូតអារ៉ាប៊ីសាអូឌីត ៣នាក់ក្នុងប្រទេសថៃ ត្រូវបានសម្លាប់នៅក្នុងការធ្វើឃាតចំនួនបីផ្សេងគ្នា ក្នុងពេលតែមួយយប់។ មួយខែក្រោយមក ពាណិជ្ជករអារ៉ាប៊ីសាអូឌីត លោក Mohammad al-Ruwaili ដែលបានឃើញការបាញ់ប្រហារមួយ បានបាត់ខ្លួន ហើយក្រោយមកនៅក្នុងឆ្នាំ 2014 តុលាការព្រហ្មទណ្ឌថៃបានច្រានចោលសំណុំរឿងប្រឆាំងនឹងបុរស 5 នាក់ រួមទាំងមន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់ ដោយចោទប្រកាន់ពីបទឃាតកម្មលោក Ruwaili លើត្បូងដ៏មានតម្លៃ។

ប្រទេសថៃ បានខ្នះខ្នែងក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយព្រះរាជាណាចក្រ ដែលសម្បូរប្រេងមួយនេះ បន្ទាប់ពីជម្លោះ ដែលបានធ្វើឱ្យខាតបង់ប្រាក់ចំណូលពីពាណិជ្ជកម្ម និងទេសចរណ៍រាប់ពាន់លានដុល្លារ និងការបាត់បង់ការងារដល់ពលករចំណាកស្រុកថៃ រាប់ម៉ឺននាក់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។