បណ្តាញសង្គម

មេទ័ពជើងទឹកអាល្លឺម៉ង់ លាលែងពីដំណែងជុំវិញការអត្ថាធិប្បាយពីលោកពូទីន

មេទ័ពជើងទឹករបស់អាល្លឺម៉ង់ បានលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ (២២ មករា) បន្ទាប់ពីទទួលបានការរិះគន់ចំពោះការនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សមនឹងទទួលបានការគោរព ហើយថាទីក្រុង Kyiv នឹងមិនឈ្នះយកមកវិញនូវឧបទ្វីប Crimea ពីទីក្រុងម៉ូស្គូឡើយ។

លោក Kay-Achim Schoenbach បានធ្វើកំណត់សម្គាល់នាកិច្ចពិភាក្សាក្រុមអ្នកវិភាគក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ហើយវីដេអូនេះ ត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការអត្ថាធិប្បាយនេះ បានកើតឡើងនៅពេលដ៏រសើបមួយ ខណៈដែលរុស្ស៊ី បានប្រមូលទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនអ៊ុយក្រែន។

កិច្ចខិតខំប្រឹងប្រែងការទូត គឺផ្តោតលើការទប់ស្កាត់កំណើនបញ្ហា។ រុស្ស៊ី បដិសេធថា ខ្លួនមានគម្រោងវាយលុកអ៊ុយក្រែន។ នៅទីក្រុង New Delhi លោក Schoenbach ដែលនិយាយជាភាសាអង់គ្លេស បាននិយាយថា លោក Putin ស្វែងរកការចាត់ទុកដោយស្មើភាព ពីលោកខាងលិច។ លោក Schoenbach បាននិយាយថា "អ្វីដែលលោក (ពូទីន) ចង់បាន គឺការគោរព" ។

មុនពេលលោក Schoenbach លាលែងពីតំណែង ក្រសួងការពារជាតិ បានរិះគន់ជាសាធារណៈចំពោះការលើកឡើងរបស់លោក ដោយនិយាយថា ពួកគេ មិនឆ្លុះបញ្ចាំងពីជំហររបស់អាល្លឺម៉ង់ទាំងក្នុងខ្លឹមសារ ឬពាក្យសម្តី។ លោក Schoenbach បានសុំទោសចំពោះការអត្ថាធិប្បាយរបស់ខ្លួន។ ក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវឲ្យអាល្លឺម៉ង់ បដិសេធជាសាធារណៈចំពោះការលើកឡើងរបស់ប្រមុខកងទ័ពជើងទឹករូបនេះ។

អ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអត្ថាធិប្បាយរបស់លោក Schoenbach អាចបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការបន្ធូរបន្ថយស្ថានការណ៍ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។