បណ្តាញសង្គម

អាមេរិក ពិចារណាអនុញ្ញាតឲ្យអ្នកការទូតខ្លួន ចាកចេញពីប្រទេសចិន ដោយសារច្បាប់ COVID-19 ដ៏តឹងរ៉ឹង

 បើតាមប្រភពព័ត៌មាន បានប្រាប់រ៉យទ័រថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងថា តើត្រូវអនុញ្ញាតការចាកចេញសម្រាប់អ្នកការទូតអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ នៅក្នុងប្រទេសចិន ដែលចង់ចាកចេញដោយសារអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក ក្នុងការរារាំងអាជ្ញាធរចិន ពីការប្រតិបត្តិលើពួកគេ ចំពោះវិធានការគ្រប់គ្រងជំងឺរាតត្បាតដ៏គួរឲ្យរំខាន។

ប្រភពពីរ ដែលដឹងពីបញ្ហានេះ បាននិយាយថា ស្ថានទូតអាមេរិកកាលពីថ្ងៃចន្ទ - ដើមសប្តាហ៏ បានបញ្ជូនសំណើទៅក្រុងវ៉ាស៊ីនតោនសម្រាប់ការចុះហត្ថលេខាជាផ្លូវការ ខណៈដែលប្រទេសចិន បង្កើនពិធីសារទប់ស្កាត់ COVID-19 មុនពេលការបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ក្នុងរយៈពេលតិចជាងពីរសប្តាហ៏ខាងមុខ។

ប្រភព ដែលនិយាយទៅកាន់ Reuters ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃបញ្ហានេះ បានបន្ថែមថា បុគ្គលិកស្ថានទូតមួយចំនួន មានការខកចិត្តដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនមានឆន្ទៈ ឬមិនអាចលើកលែងមន្ត្រីអាមេរិកពីវិធានការចត្តាឡីស័កយ៉ាងតឹងរ៉ឹង។

ច្បាប់នេះ រួមបញ្ចូលទាំងការបង្ខំឱ្យចូលគ្លីនិកជំងឺគ្រុនក្តៅ COVID-19 និងការបំបែកខ្លួនពីកុមារ។ ក្រសួងការបរទេសអាមេរិក បានប្រាប់រ៉យទ័រនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ថា ស្ថានភាពប្រតិបត្តិការនៅស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសចិន មិនមានការផ្លាស់ប្តូរទេ។

ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ នៅដើមខែនៃជំងឺរាតត្បាត រដ្ឋាភិបាលអាមេរិក បានជម្លៀសអ្នកការទូតខ្លួនប្រហែល 1,300 នាក់ និងសមាជិកគ្រួសារពីប្រទេសចិន ហើយរដ្ឋាភិបាលទាំងពីរ នៅតែស្ថិតក្នុងភាពជាប់គាំងអស់ជាច្រើនខែជុំវិញការធ្វើតេស្ត និងនីតិវិធីចត្តាឡីស័កសម្រាប់មន្ត្រី។

ប្រទេសចិន បានតម្រូវឱ្យអ្នកការទូតបរទេស គោរពតាមច្បាប់គ្រប់គ្រងជំងឺរាតត្បាត ដូចជាចត្តាឡីស័ក និងការធ្វើតេស្តនៅពេលមកដល់ បើទោះបីជាបេសកជនបរទេសមួយចំនួន មិនត្រូវចូលទៅក្នុងសណ្ឋាគារចត្តាឡីស័ក ដែលកំណត់ដោយរដ្ឋាភិបាលក៏ដោយ។

ថ្មីៗនេះប្រទេសចិន បានបង្កើនវិធានការទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃ COVID-19 នៅពេលដែលការបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង នៅថ្ងៃទី 4 ខែកុម្ភៈ កាន់តែខិតជិតមកដល់ ហើយបើទោះបីជាការផ្ទុះឡើងនៃមេរោគ នៅតែបន្តកើតមានពាសពេញទីក្រុងក៏ដោយ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃពុធ-ម្សិលមិញ។