បណ្តាញសង្គម

កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ក្នុងការសាកល្បងចុងក្រោយបំផុត

 យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់អ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងចំនួនពីរចូលទៅក្នុងសមុទ្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាការសាកល្បងមីស៊ីលជុំទីប្រាំមួយក្នុងខែនេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួន ចាប់បានការបាញ់បង្ហោះ ដែលទំនងជាមីស៊ីលផ្លោងចំនួនពីរនៅម៉ោងប្រហែល 8 ព្រឹកម៉ោងក្នុងស្រុក ពីជុំវិញទីក្រុង Hamhung នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ Kyodo បានផ្សាយដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនថា មីស៊ីល ដែលគួរឲ្យសង្ស័យនោះ ទំនងជាបានចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

កូរ៉េខាងជើង បាននិយាយនៅខែនេះថា ខ្លួន នឹងពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយពិចារណាឡើងវិញនូវ "រាល់សកម្មភាព ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន" ដែលជាសំអាងជាក់ស្តែងចំពោះការផ្អាកដាក់ដោយខ្លួនឯង លើការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ។

កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចលើនាវាពីរគ្រាប់ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ចំពេលមានភាពតានតឹងកើនឡើង ជុំវិញការសាកល្បងអាវុធជាបន្តបន្ទាប់នាពេលថ្មីៗនេះ។

កាលពីដើមខែនេះ កូរ៉េខាងជើង ក៏បានសាកល្បងមីស៊ីលបញ្ជាផ្នែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពខ្ពស់នៃល្បឿនលឿនពីរគ្រាប់ និងអាចហោះបានក្រោយការបាញ់ឡើង និងប្រព័ន្ធមីស៊ីលលើផ្លូវដែក។

ការសាកល្បងកាំជ្រួចជាបន្តបន្ទាប់ បានទាក់ទាញការថ្កោលទោសពីរដ្ឋាភិបាលកអាមេរិក និងជប៉ុន ហើយបានបង្កឱ្យមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានដាក់ទណ្ឌកម្មកូរ៉េខាងជើង ចំពោះការរំលោភលើដំណោះស្រាយ ដែលហាមឃាត់ការសាកល្បងមីស៊ីលផ្លោង។

កាលពីថ្ងៃពុធ ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកប្រទេសជប៉ុន និងកូរ៉េ លោក Mark Lambert បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន "គ្មានការកក់ទុក" អំពីការនិយាយជាមួយកូរ៉េខាងជើង ហើយសុខចិត្តជួបគ្រប់ទីកន្លែង និងនិយាយអំពីអ្វីៗគ្រប់រឿង។

កូរ៉េខាងជើង បានចេញមុខការពារការសាកល្បងកាំជ្រួចរបស់ខ្លួនថា ជាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការការពារខ្លួន ហើយបាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញថា ទោះបីជាទីក្រុងវ៉ាស៊ីនតោន ស្នើកិច្ចពិភាក្សាក៏ដោយ ក៏គេ រក្សានូវគោលនយោបាយ "អរិភាព" ចំពោះទីក្រុងព្យុងយ៉ាងដដែល នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃព្រហ.នេះ។