បណ្តាញសង្គម

ប្រទេសឥណ្ឌា ស៊ើបអង្កេតបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បន្ទាប់ពីសោកនាដកម្មនៅជិតព្រំដែនកាណាដា

 ប៉ូលិសឥណ្ឌា បានឃុំខ្លួនមនុស្ស ៦ នាក់នៅក្នុងការបង្រ្កាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ បន្ទាប់ពីជនជាតិឥណ្ឌា ៤នាក់ ត្រូវបានគេរកឃើញថា រងារហូតកកស្លាប់ខ្លួននៅជិតព្រំដែនរវាងសហរដ្ឋអាមេរិក និងកាណាដាកាលពីសប្តាហ៍មុន នេះបើតាមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញ។

ប្រជាជនឥណ្ឌារាប់រយនាក់ ភាគច្រើនមកពីរដ្ឋភាគខាងលិចនៃរដ្ឋ Punjab និងរដ្ឋ Gujarat ព្យាយាមឆ្លងព្រំដែនសហរដ្ឋអាមេរិក-កាណាដាជារៀងរាល់ឆ្នាំ យ៉ាងក្លាហានក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ ដើម្បីស្វែងរកជីវិតប្រសើរជាងមុន និងឱកាសការងារនៅលោកខាងលិច។ ប៉ូលីសក្នុងរដ្ឋ Gujarat បាននិយាយថា ពួកគេ បានកំណត់អត្តសញ្ញាណអ្នកទាំងបួននោះ គឺជាគ្រួសារតែមួយ បន្ទាប់ពីភ្នាក់ងារអនុវត្តច្បាប់នៅតាមព្រំដែន បានផ្តល់រូបថតលិខិតឆ្លងដែន និងរបស់របរផ្សេងៗទៀត។

អ្នកទាំងប្រាំមួយនាក់ ដែលប៉ូលិសឃាត់ខ្លួននោះ កំពុងដំណើរការក្រុមហ៊ុនធ្វើដំណើរ និងទេសចរណ៍ក្នុងរដ្ឋ។ អាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់បុរសជនជាតិអាមេរិកម្នាក់ពីបទជួញដូរមនុស្ស បន្ទាប់ពីមនុស្សបួននាក់ ប្រុស ស្ត្រី ទារក និងក្មេងជំទង់ ត្រូវបានរកឃើញស្លាប់នៅក្នុងខេត្ត Manitoba របស់ប្រទេសកាណាដា ចម្ងាយប៉ុន្មានម៉ែត្រភាគខាងជើងនៃព្រំប្រទល់ជាមួយរដ្ឋ Minnesota ។

ពួកគេ ស្ថិតក្នុងចំណោមបួនគ្រួសារមកពីភូមិជាមួយគ្នា ដែលបានធ្វើដំណើរទៅព្រំដែនក្នុងខែនេះ។ ពួកគេ ត្រូវបានបំបែកចេញពីក្រុមមនុស្ស 18 នាក់ផ្សេងទៀត ហើយប្រហែលជាត្រូវបានជាប់ នៅក្នុងព្យុះទឹកកក ដែលបណ្តាលឱ្យមានសោកនាដកម្មមួយនេះ កើតឡើង។

មន្ត្រីក្រសួងការបរទេសក្នុងរដ្ឋធានីញូវដេលីរបស់ឥណ្ឌា បានឲ្យដឹងថា អាជ្ញាធរ កំពុងសម្របសម្រួលជាមួយមន្ត្រីព្រំដែនក្នុងសហរដ្ឋអាមេរិក និងកាណាដា ដើម្បីស៊ើបអង្កេតករណីអន្តោប្រវេសន៍ខុសច្បាប់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃព្រហ.។