បណ្តាញសង្គម

រដ្ឋមន្ត្រីថៃ ធ្វើពហិការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីខ្លួន

 នាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha បានទទួលរងការធ្វើពហិការមិនចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដោយរដ្ឋមន្ត្រីចំនួន៧នាក់ កាលពីថ្ងៃអង្គារ-ម្សិលមិញ ដែលជាសញ្ញាមួយផ្សេងទៀតនៃការមិនចុះសម្រុងគ្នា ដែលកំពុងកើនឡើងនៅក្នុងសម្ព័ន្ធ 18 គណបក្សដែលមានបញ្ហារបស់អតីតមេទ័ពរូបនេះ។

ការមិនបង្ហាញមុខដោយក្រុមរដ្ឋមន្ត្រី មកពីគណបក្ស Bhumjaithai ដែលជាសមាជិកសម្ព័ន្ធធំជាងគេទីពីរ អាចជាការអាម៉ាស់មួយទៀតសម្រាប់លោក Prayuth ដែលគណបក្ស Palang Pracharat កាលពីខែមុន ត្រូវបានបង្ខំឲ្យបណ្តេញបក្សពួក ដែលគ្រប់គ្រងអាសនៈសភាចំនួន 21 ដោយចោទប្រកាន់ថា បានបង្កការបែកបាក់គ្នា។

ការធ្វើពហិការនេះ គឺហួសពីការប្រឆាំងរបស់ពួកគេ ចំពោះផែនការរបស់រដ្ឋាភិបាល ក្នុងការបន្តសម្បទានដល់ក្រុមហ៊ុន BTS Group Holdings រយៈពេល 30 ឆ្នាំ ដើម្បីដំណើរការប្រព័ន្ធរថភ្លើង Green Line របស់ទីក្រុងបាងកក ដោយលើកហេតុផលថា ខ្លួន ចង់ឲ្យថ្លៃឈ្នួល កើនឡើង។

ការពន្យាពេលនេះ ត្រូវបានគាំទ្រដោយគណបក្សផ្សេងទៀតក្នុងសម្ព័ន្ធរបស់លោក Prayuth ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា មានផលប៉ះពាល់អ្វីទេលើរដ្ឋាភិបាល ហើយលោក Prayuth បានបដិសេធមិននិយាយជាមួយអ្នកកាសែតក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

អ្នកវិទ្យាសាស្ត្រនយោបាយនៃមហាវិទ្យាល័យ Ubon Ratchathani លោក Titipol Phakdeewanich បាននិយាយថា ទោះជាយ៉ាងក៏ដោយ ការមើលងាយជាចំហរលើលោក Prayuth នេះ គឺបានគូសបញ្ជាក់ពីភាពចលាចលក្នុងក្រុមចម្រុះរបស់លោក នៅមុនការបញ្ចប់មុខតំណែងរយៈពេល 12 ខែចុងក្រោយរបស់លោក។

រដ្ឋាភិបាលថៃ ក៏បានជួបការលំបាកក្នុងការកៀងគរសមាជិកសភាឱ្យអនុម័តច្បាប់ ដោយសម័យប្រជុំសភា បានបិទចំនួនបួនដងមកទល់ពេលនេះ ដោយសារកង្វះកូរ៉ុម បើធៀបនឹង៨ដង ក្នុងកំឡុងឆ្នាំ 2021 និងម្តងក្នុងឆ្នាំ 2020។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ បានសម្រេចចិត្តបញ្ជូនសំណើររថភ្លើងត្រឡប់ទៅក្រសួងមហាផ្ទៃវិញ ដើម្បីពិគ្រោះយោបល់ជាមួយភ្នាក់ងារផ្សេងទៀត ដែលប្រឆាំងនឹងវា នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃអង្គារ-ម្សិលមិញនេះ។