បណ្តាញសង្គម

ប្រធានមន្ទីរ Pentagon ពិភាក្សាអំពីការគំរាមកំហែងរបស់កូរ៉េខាងជើងជាមួយជប៉ុន និងកូរ៉េខាងត្បូង

 រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបនិយាយកាលពីថ្ងៃពុធ (៩កុម្ភៈ) ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន អំពីការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង។

ភាពតានតឹងអន្តរជាតិ បាននឹងកំពុងកើនឡើងជុំវិញការសាកល្បងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ ដែលជាសកម្មភាព ត្រូវបានហាមឃាត់ជាយូរមកហើយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ខែមករា គឺជាខែកំណត់ត្រានៃការសាកល្បងបែបនេះ ដោយមានការបាញ់បង្ហោះយ៉ាងហោចណាស់ចំនួន 7 ដង រួមទាំងប្រភេទថ្មីនៃ "មីស៊ីលលឿនជាងសម្លេង" អាចធ្វើសមយុទ្ធក្នុងល្បឿនលឿន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "មេដឹកនាំទាំងបីប្រទេស បានសង្កត់ធ្ងន់ថា ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង កំពុងធ្វើឱ្យមានអស្ថិរភាពដល់សន្តិសុខក្នុងតំបន់ និងការរំលោភយ៉ាងច្បាស់លើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ" ។

ប្រទេសកូរ៉េខាងជើង បានអួតកាលពីថ្ងៃអង្គារថា ខ្លួន ជាប្រទេសមួយក្នុងចំនោមប្រទេសមួយចំនួនតូចក្នុងពិភពលោក ដែលបំពាក់អាវុធនុយក្លេអ៊ែរ និងកាំជ្រួចទំនើប ហើយជាប្រទេសតែមួយគត់ ដែលហ៊ានក្រោកឈរនៅចំពោះមុខសហរដ្ឋអាមេរិក ដោយ "អង្រួនពិភពលោក" ជាមួយនឹងការធ្វើតេស្តមីស៊ីល។

សម្រង់នៃរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនក្នុងអំឡុងឆ្នាំមុន ហើយការវាយប្រហារតាមអ៊ីនធឺណិតលើការប្តូររូបិយប័ណ្ណ crypto គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងព្យុងយ៉ាង នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃព្រហ.នេះ។