បណ្តាញសង្គម

ឥណ្ឌូណេស៊ី ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 ផលិតក្នុងស្រុកលើមនុស្ស

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 ផលិតក្នុងស្រុកលើមនុស្សកាលពីថ្ងៃពុធ-ម្សិលមិញ បន្ទាប់ពីទទួលបានភ្លើងខៀវពីនិយតករឱសថ ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងមេរោគ។

ការស្រាវជ្រាវលើវ៉ាក់សាំង "Merah Putih" (ឬវ៉ាក់សាំងក្រហម-ស) ដែលដាក់ឈ្មោះតាមពណ៌ទង់ជាតិឥណ្ឌូនេស៊ី គឺត្រូវបានដឹកនាំដោយមហាវិទ្យាល័យ Airlangga និងឪសថសាស្រ្តឥណ្ឌូនេស៊ី Biotis ។

គម្រោងនេះ បានទទួលរងនូវការពន្យារពេលជាច្រើនដង ចាប់តាំងពីចាប់ផ្តើមនៅឆ្នាំ 2020 ប៉ុន្តែឥឡូវនេះ អាជ្ញាធរ កំពុងសង្ឃឹមថា នឹងអនុញ្ញាតឱ្យប្រើប្រាស់វានៅពាក់កណ្តាលឆ្នាំ 2022 ប្រសិនបើការសាកល្បង ទទួលបានជោគជ័យ។

ដោយបានឆ្លងបញ្ហានេះជាមួយប្រធានាធិបតីហើយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin បាននិយាយថា វ៉ាក់សាំង ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ នៅដំណាក់កាលចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ អាចត្រូវបរិច្ចាគទៅឱ្យប្រទេសផ្សេងទៀត ដែលត្រូវការជាចាំបាច់ សម្រាប់ជាដូសជម្រុញ ឬជាវ៉ាក់សាំងសម្រាប់កុមារ ដែលមានអាយុពី 3 ទៅ 6 ឆ្នាំ។

ដំណាក់កាលទី 1 និងទី 2 នៃការសាកល្បងពិសោធន៍ នឹងចូលរួមដោយអ្នកស្ម័គ្រចិត្តពេញវ័យ ចំនួន 90 នាក់ និង 405 នាក់រៀងៗខ្លួន។ យោងតាមព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Airlangga លោក Mohammad Nasih បានឱ្យដឹងថា វ៉ាក់សាំង Merah Putih បានទទួលវិញ្ញាបនប័ត្រ "halal" ពីក្រុមប្រឹក្សា Ulema របស់ឥណ្ឌូនេស៊ី ដែលជាស្ថាប័នបព្វជិតសាសនាកំពូលរបស់ប្រទេសម៊ូស្លីមភាគច្រើន។

សូមបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី បានអនុម័តវ៉ាក់សាំង និងដូសជំរុញចំនួន 13 ប្រភេទ ប៉ុន្តែបានប្រើប្រាស់ជាចម្បងនូវថ្នាំចាក់ ដែលផលិតដោយប្រទេសចិន ហើយបានតស៊ូក្នុងការទិញវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនជាង 270 លាននាក់របស់ខ្លួន។

ហើយមកទល់ពេលនេះ កម្មវិធីចាក់វ៉ាក់សាំង ក៏មានភាពយឺតយ៉ាវផងដែរ ដោយមានប្រហែល 48 ភាគរយនៃចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងពីរដង ហើយមានត្រឹមតែ 5 លាននាក់ប៉ុណ្ណោះ បានចាក់ដូសជម្រុញ។ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំងថ្នាក់ជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមកម្ល៉េះ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីយប់ថ្ងៃពុធ។