បណ្តាញសង្គម

ថៃ៖ មនុស្ស ១៥,២៤២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,២៤២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,៩៥៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៥៦១,១១៥ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៣៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.៤២លាននាក់។

គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១៩លានដូស ក្នុងនោះប្រជាជន ៤៩.០៥លាននាក់ (៧០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ១៧.៣៤លាននាក់ (២៤.៩%) បានចាក់ដូសជំរុញ៕

ដកស្រង់ពី៖ Fresh News