បណ្តាញសង្គម

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ១១នាក់

 ក្រុមអ្នកជួយសង្គ្រោះនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី បានទាញយកបានសាកសពបន្ថែមទៀតកាលពីថ្ងៃអាទិត្យ (ថ្ងៃទី 27 ខែកុម្ភៈ) ពីការរញ្ជួយដីដ៏ខ្លាំងកាលពី2ថ្ងៃមុន ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ 11 នាក់ ខណៈដែលមនុស្សជាង 400 នាក់ផ្សេងទៀត បានរង របួស និងរាប់ពាន់នាក់ ត្រូវបានផ្លាស់ទីលំនៅ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា សាកសពជនរងគ្រោះចុងក្រោយបំផុត ត្រូវបានរកឃើញពីគំនរបាក់បែកនៃផ្ទះ ដែលត្រូវបានដួលរលំដោយការរញ្ជួយដីកម្រិត 6.2 ដែលអង្រួនខេត្តស៊ូម៉ាត្រាភាគខាងលិច កាលពីព្រឹកថ្ងៃសុក្រ។

មនុស្ស 6 នាក់ បានស្លាប់នៅក្នុងស្រុក Pasaman និង 5 នាក់ទៀតនៅស្រុក Pasaman ខាងលិច ដែលនៅជិតខាង។ ក្រុមអ្នកជួយសង្គ្រោះ នៅតែកំពុងស្វែងរកអ្នកភូមិចំនួន 4 នាក់ ដែលត្រូវបានគេជឿថា បានកប់នៅក្រោមភក់ក្រាស់ ដែលបានធ្លាក់ចុះពីភ្នំជុំវិញ នៅក្នុងភូមិ Bukit Lintang ក្នុងស្រុក Pasaman ។

មនុស្សជាង 13,000 នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ទៅកាន់ទីជម្រកបណ្តោះអាសន្ន ហើយផ្ទះ និងអគារជាង 1,400 ត្រូវបានខូចខាត។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំ ដែលមានប្រជាជនចំនួន 270 លាននាក់ ត្រូវបានវាយប្រហារជាញឹកញាប់ ដោយការរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ដោយសារតែទីតាំងរបស់វានៅលើ "កងរង្វង់ភ្លើង" ដែលជាធ្នូនៃភ្នំភ្លើង និងខ្សែបន្ទាត់ប្រេះនៃស្រទាប់ផែនដីដែលលាតសន្ធឹងលើមហាសមុទ្រប៉ាស៊ីហ្វិក។

សូមបញ្ជាក់ផងដែរថា ការរញ្ជួយដីកម្រិត 6.2 រ៉ិចទ័រចុងក្រោយ គឺនៅក្នុងខែមករា ឆ្នាំ 2021 ដែលមានមនុស្សយ៉ាងហោចណាស់ 105 នាក់ បានស្លាប់ និងជិត 6,500 នាក់ បានរងរបួសនៅក្នុងខេត្ត Sulawesi ខាងលិច នេះបើតាមការផ្សាយរបស់ CNA/AP នៅព្រឹកថ្ងៃចន្ទនេះ។