បណ្តាញសង្គម

ថៃ៖ មនុស្សជាង ២១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១,១៦២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៦៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២៣,១៥៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣,០៤៧,៨៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ២៣,៣០០នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.៧៩លាននាក់។

គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១២៤លានដូស ក្នុងនោះប្រជាជន ៤៩.៧៣លាននាក់ (៧១.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២០.៨លាននាក់ (២៩.៨%) បានចាក់ដូសជំរុញ៕

ដកស្រង់ពី៖ Fresh News