បណ្តាញសង្គម

អ្នកស្រុកយ៉ាំងហ្គោន តម្រង់ជួរដើម្បីទឹក ខណៈការកាត់ផ្តាច់ចរន្តអគ្គិសនី ញ៉ាំញី

 អ្នកស្រុកនៃរដ្ឋធានី Yangon ដែលជាទីក្រុងពាណិជ្ជកម្មដ៏មមាញឹករបស់មីយ៉ាន់ម៉ា បានតម្រង់ជួរសម្រាប់ទឹក កាលពីថ្ងៃចន្ទ (ទី 14 ខែមីនា) ខណៈដែលការដាច់ចរន្តអគ្គិសនី ធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។

កាលពីសប្តាហ៍មុន របបយោធា បានប្រកាសថា ការផ្គត់ផ្គង់ថាមពលដែលមានស្រាប់របស់ប្រទេស នឹងត្រូវកាត់បន្ថយបន្ថែមទៀតសម្រាប់រយៈពេលប្រាំពីរថ្ងៃ ដោយដាក់ការបន្ទោសលើការកើនឡើងតម្លៃឧស្ម័ន និងការវាយប្រហារដោយក្រុមប្រឆាំងរដ្ឋប្រហារលើហេដ្ឋារចនាសម្ព័ន្ធ។

ការដាច់ភ្លើង កាន់តែកើនឡើង ដោយមើលឃើញថា ផ្ទះ និងអាជីវកម្មនៅទីក្រុងយ៉ាំងហ្គោន ដែលជាផ្ទះរបស់មនុស្សប្រហែលប្រាំពីរលាននាក់ បានធ្លាក់ចូលទៅក្នុងភាពងងឹតជាទៀងទាត់ ហើយធ្វើឱ្យមនុស្សជាច្រើន មិនអាចដងទឹកចូលផ្ទះរបស់ពួកគេ។

ការដាច់ចរន្តអគ្គិសនី គឺជារឿងធម្មតានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារបណ្តាញអគ្គិសនីមានសភាពទ្រុឌទ្រោម និងហួសសម័យ ដោយមានតម្រូវការជាប្រចាំលើសពីការផ្គត់ផ្គង់ក្នុងអំឡុងពេលរដូវក្តៅដ៏ក្តៅគគុក។

កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរបស់ទីក្រុងយ៉ាំងហ្គោន បានព្រមានអតិថិជនខ្លួនថា ការផ្គត់ផ្គង់អគ្គិសនីរបស់ពួកគេអាចត្រូវបានរំខាន ប្រសិនបើពួកគេ បន្តបដិសេធមិនបង់វិក្កយបត្ររបស់ពួកគេ ដែលជាផ្នែកនៃការធ្វើពហិការ ប៉ះពាល់ដល់ទ្រព្យសម្បត្តិរបបយោធា។

មន្ត្រីរាជការរាប់ពាន់នាក់ បានដើរចេញតវ៉ាប្រឆាំងនឹងរបបនេះ ដោយទុកឱ្យសាលារៀន សាកលវិទ្យាល័យ និងមន្ទីរពេទ្យ ឲ្យនៅទំនេរ ហើយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ - ជាអ្វីដេលរបបយោធាហៅខ្លួនឯងបែបនេះ - បានតស៊ូ ដើម្បីចេញវិក័យប័ត្រ ឬប្រមូលពន្ធ នេះបើតាមការផ្សាយរបស់ Channel News Asia (CNA) សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន AFP កាលពីយប់ថ្ងៃចន្ទ។