បណ្តាញសង្គម

ប្រអប់ខ្មៅនៃយន្តហោះធ្លាក់ China Eastern ត្រូវបានរកឃើញហើយ

 ប្រអប់ខ្មៅមួយ ក្នុងចំណោមប្រអប់ខ្មៅចំនួនពីរ ពីយន្តហោះធ្លាក់របស់អាកាសចរណ៍ China Eastern ត្រូវបានរកឃើញហើយកាលពីថ្ងៃពុធ (២៣ មីនា) ខណៈដែលក្រុមអ្នកស៊ើបអង្កេតព្យាយាមផ្គុំគ្នានូវអ្វី ដែលបានធ្វើឱ្យយន្តហោះដឹកអ្នកដំណើរ ១៣២ នាក់ ធ្លាក់ចូលទៅក្នុងតំបន់ភ្នំនៅភាគខាងត្បូងប្រទេសចិន។

មូលហេតុនៃគ្រោះមហន្តរាយនេះ បានបង្កជាចំងល់ដល់អាជ្ញាធរអាកាសចរណ៍ ដែលបានរុករកទីតាំងដីរដឹបរដុប ដើម្បីរកតម្រុយ ដោយរកមិនឃើញអ្នកនៅរស់រានមានជីវិត ពីអ្វីដែលស្ទើរតែប្រាកដថា ជាឧបទ្ទវហេតុធ្លាក់យន្តហោះដ៏សាហាវបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលជិត 30 ឆ្នាំមកនេះ។

មន្ត្រីនៃរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយថា ប្រអប់ខ្មៅនេះ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយវាមិនច្បាស់ភ្លាមៗថា តើវាជាឧបករណ៍ថតទិន្នន័យហោះហើរ ឬជាឧបករណ៍ថតសំឡេងនៅក្នុងកាប៊ីនយន្តហោះនោះទេ។

ទូរទស្សន៍រដ្ឋ បានបង្ហាញក្រុមអ្នកជួយសង្គ្រោះ យកប្រអប់ពណ៌ទឹកក្រូចភ្លឺមកដាក់ក្នុងថង់ប្លាស្ទិកថ្លា។ ជើងហោះហើរ MU5735 បានកំពុងធ្វើដំណើរពីទីក្រុងគុនមីង ភាគនិរតី ទៅកាន់ទីក្រុងក្វាងចូវ លើឆ្នេរសមុទ្រកាលពីថ្ងៃចន្ទ នៅពេលដែលយន្តហោះ Boeing 737-800 ស្រាប់តែធ្លាក់ចុះ នៅក្បែរម៉ោង ដែលវាគួរតែចាប់ផ្តើមចុះ មុនពេលចុះចត នេះបើតាមការផ្សាយរបស់ Channel News Asia សឹង្ហបុរី កាលពីយប់ថ្ងៃពុធ។