បណ្តាញសង្គម

ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ ដំឡើងថ្លៃសំបុត្រយន្តហោះ ខណៈតម្លៃប្រេងឡើងថ្លៃ

 ក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី បានអនុញ្ញាត ឱ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដំឡើងថ្លៃសំបុត្រយន្តហោះថ្នាក់សេដ្ឋកិច្ច ចំពេលមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដើម្បីជួយធានាឱ្យមាននិរន្តរភាពប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍។

អ្នកនាំពាក្យក្រសួងខាងលើ បាននិយាយកាលពីថ្ងៃអង្គារ (ទី១៩ ខែមេសា) ថា ការអនុញ្ញាតនេះ ចាប់មានប្រសិទ្ធភាពក្នុងសប្តាហ៍នេះ ការគិតថ្លៃបន្ថែមប្រេងឥន្ធនៈ នឹងត្រូវបានអនុញ្ញាតឲ្យលើសពីកម្រិតតម្លៃ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរហូតដល់ ១០% សម្រាប់ការហោះហើរតាមយន្តហោះប្រតិកម្ម និងរហូតដល់ ២០% សម្រាប់ការហោះហើរដោយយន្តហោះប្រើកង្ហារស្លាបចក្រ។

ការគិតថ្លៃបន្ថែម នឹងត្រូវបានវាយតម្លៃរៀងរាល់បីខែម្តង ហើយក្រុមហ៊ុនអាកាសចរណ៍ អាចទុកពន្ធមិនផ្លាស់ប្តូរ ប្រសិនបើពួកគេជ្រើសរើស។ វិធានការនេះ ធ្វើឡើងមុនពិធីបុណ្យ Eid al-Fitr នៅដើមខែឧសភា ក្នុងអំឡុងពេលដែលប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ។

តម្លៃសំបុត្រយន្តហោះ បានកើនឡើងនាពេលថ្មីៗនេះ ជាពិសេសក្នុងអំឡុងពេលបុណ្យទាន ហើយការកើនឡើងបន្ថែមទៀត អាចដាក់សម្ពាធលើអតិផរណា ដែលបានកើនឡើងដល់កម្រិតខ្ពស់ រយៈពេលពីរឆ្នាំរួចទៅហើយ គឺ 2.64% នៅក្នុងខែមីនា នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃពុធ។