បណ្តាញសង្គម

រុស្ស៊ី បានព្រមានអាមេរិក មិនឲ្យបញ្ជូនអាវុធបន្ថែមទៅអ៊ុយក្រែន

 ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។

លោក Antonov បាននិយាយថា កំណត់ទូតផ្លូវការមួយ ត្រូវបានផ្ញើទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញពីការព្រួយបារម្ភរបស់រុស្ស៊ី។ លោក បាននិយាយថា ការផ្គត់ផ្គង់សព្វាវុធបែបនេះពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ហើយបង្កើនបញ្ហានៃជម្លោះ។

អ្នកការទូតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy នៅទីក្រុង Kyiv កាលពីល្ងាចថ្ងៃអាទិត្យ (២៤ មេសា) ដោយសន្យាផ្តល់ជំនួយថ្មីដែលមានតម្លៃ ៧១៣ លានដុល្លារសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដែលភ័យខ្លាចការឈ្លានពានរបស់រុស្ស៊ី។

កាលពីដើមខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសផ្តល់ជំនួយយោធាចំនួន ៨០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដោយពង្រីកវិសាលភាពនៃប្រព័ន្ធដែលផ្តល់ឲ្យ រួមមានកាំភ្លើងធំធុនធ្ងន់។ លោក Zelenskyy បានកំពុងអង្វរមេដឹកនាំអាមេរិក និងអឺរ៉ុប ក្នុងការផ្គត់ផ្គង់អាវុធ និងឧបករណ៍ធន់ធ្ងន់ដល់ទីក្រុង Kyiv។

មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ និងរាប់លាននាក់ បានភៀសខ្លួន ចាប់តាំងពីរុស្ស៊ី បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 24 ខែកុម្ភៈ នៅក្នុងអ្វីដែលខ្លួនហៅថា "ប្រតិបត្តិការយោធាពិសេស" ដើម្បី "លុបបំបាត់យោធា" ប្រទេសជិតខាងរបស់ខ្លួន។

ប្រធានាធិបតី Vladimir Putin និយាយថា "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែន គឺចាំបាច់ ដោយសារសហរដ្ឋអាមេរិក កំពុងប្រើអ៊ុយក្រែន ដើម្បីគំរាមកំហែងរុស្ស៊ី ហើយទីក្រុងម៉ូស្គូ ត្រូវតែការពារប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញលើប្រជាជន ដែលនិយាយភាសារុស្ស៊ី។ ប៉ុន្តែអ៊ុយក្រែន និងលោកខាងលិច និយាយថា រុស្ស៊ី បានចាប់ផ្តើមសង្រ្គាមឈ្លានពានដែលមិនបង្កហេតុ នេះបើតាមការផ្សាយរបស់ Reuters ។