បណ្តាញសង្គម

ស្រីលង្កា ចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន ស្តីពីការផ្តល់ឥណទានឡើងវិញ

ប្រទេសស្រីលង្កាបានចាប់ផ្តើមពិភាក្សាជាមួយប្រទេសចិន អំពីការផ្តល់ហិរញ្ញប្បទានបំណុលរបស់ខ្លួនឡើងវិញ នេះបើតាមអ្នកនាំពាក្យគណៈរដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារ (26 មេសា) ខណៈដែលទីក្រុងកូឡុំបូ កំពុងតស៊ូជាមួយនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។

លោក Nalaka Godahewa រដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្រីលង្កា បាននិយាយថា ប្រទេសចិន បានស្នើទៅទីក្រុងកូឡុំបូថា ខ្លួនចង់ផ្តល់ប្រាក់កម្ចីឡើងវិញ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កា Ali Sabry បានទៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាជាមួយ IMF ធនាគារពិភពលោក ឥណ្ឌា និងប្រទេសដទៃទៀតអំពីជំនួយហិរញ្ញប្បទានសម្រាប់ប្រទេសកោះមួយនេះ ដែលបានផ្អាកការទូទាត់លើផ្នែកនៃបំណុលខាងក្រៅចំនួន 51 ពាន់លានដុល្លារ។

សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត និងការកាត់បន្ថយពន្ធដោយរដ្ឋាភិបាលប្រជាជននិយម ដែលនាំឱ្យមានការថយចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស និងកង្វះខាតប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ដែលបាននាំមនុស្សរាប់ពាន់នាក់មកតាមផ្លូវ ក្នុងការតវ៉ាដោយហិង្សាជាបន្តបន្ទាប់។

ប្រធានាធិបតី Gotabaya Rajapaksa បានស្នើឱ្យចិន ជួយរៀបចំរចនាសម្ព័ន្ធការសងបំណុលឡើងវិញ នៅពេលដែលលោក បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងខែមករា។ ប្រាក់កម្ចីចំនួន 3.5 ពាន់លានដុល្លាររបស់ចិនដល់ស្រីលង្កា បានធ្វើឱ្យចិន ក្លាយជាម្ចាស់បំណុលទ្វេភាគីធំបំផុតរួមគ្នា។

ក្រសួងការបរទេសចិន និងស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងកូឡុំបូ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃអង្គារ។